ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះផ្សារពោធិ៍ចិនតុង មួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅវេលាម៉ោង ១១និង៥៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្សារពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះផ្សារពោធិ៍ចិនតុង មួយកន្លែងយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះ លោក ព្រហ្ម យ៉ន បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះអន្តរាគមន៍។
លោក ព្រហ្ម យ៉ន ក៏បន្តបានថា គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់យើង នៅបន្ដបាញ់ពន្លត់ឲ្យអស់រងើកភ្លើងចៀសវាងបង្កផលប៉ះពាល់ថែមទៀត។ តាមការបញ្ជាក់របស់លោក ព្រហ្ម យ៉ន គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញរបស់យើងបានធ្វើការជួយសង្គ្រោះទាន់ពេលវេលា ព្រមទាំងខូចខាតទ្រព្យសម្បតិ្តអស់មួយចំនួន។
លោក ព្រហ្ម យ៉ន បានបញ្ជាក់ផងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់យើង បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន២២គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន ស្មើរនឹង២៦ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ពុំប្រើប្រាស់ទឹក, រថយន្តកងពលតូចលេខ៧០ ចំនួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៤ម៉ែត្រគូប និងរថយន្តកាណាឌីយ៉ា ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក។
យ៉ាងណាក៏ដោយ លោក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺជាប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ ៦៦២៤ម៉ែត្រការ៉េ បានបណ្តាលឲ្យខូចខាតឆេះតូបក្នុងផ្សារ ទំហំ (១,៥០ម៉ែត្រ គុណ ១,៥០ម៉ែត្រ) ចំនួន០៣តូប និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ រឺឯមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕