ភ្នំពេញ ៖ ជនសង្ស័យ៧៥នាក់ត្រូវបានឃាត់ខ្លួន លើមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន ៥៩ករណីដែលកើតឡើងទូទាំងប្រទេស និងបង្ក្រាបបាន ៥១ករណី ក្នុងរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែ មករា ឆ្នាំ២០២៤។ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានបន្ថែមទៀតថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង ៥៩ករណីដែលបង្ក្រាបបាន មានករណីលួចចំនួន ២១ករណី អំពើហិង្សា ១៧ករណី លួចមានស្ថានទម្ងន់ទោស (ប្លន់) ៣ករណី រំលោភសេពសន្ថវៈ ៣ករណី ឆក់មាន ២ករណី និងក្រៅពីនេះ ឆបោក ប្រើ ប្រាស់អាវុធខុសច្បាប់ ឃាតកម្ម និង បំពានផ្លូវភេទ កើតឡើង ១ករណីប៉ុ ណ្ណោះ ក្នុង មួយ បទល្មើសមួយ នៅ ទូទាំង ប្រទេស។
ដើម្បីធានាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ និង ការអនុវត្តវិធានការ ប្រកប ដោយ សង្គតិភាព តាមទស្សនៈ អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ និង ផ្ដល់អនុសាសន៍របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បាន កំណត់ វិធានការយ៉ាង យកចិត្តទុកដាក់បំផុត ពិសេស ការដាក់ទិសដៅអាទិភាពយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយទទួលខុសត្រូវ លើ ការចាត់វិធានការប្រឆាំងបទល្មើសនានាឲ្យ ទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។
អ្នកនាំពាក្យរងដដែលនេះក៏បានបន្តទៀតថា សមត្ថកិច្ចនៅតាមបណ្ដារាជធានីខេត្ត ក្រុងស្រុកខណ្ឌទាំងអស់ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ដើម្បីបង្ការ និងបង្ក្រាបបទល្មើសទាំងឡាយ ជាពិសេសបទល្មើសដែលពាក់ព័ន្ធនឹងទិសដៅអាទិភាពទាំង ៦ ដែល ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានដាក់ចេញ ហើយលោកតែងតែក្រើនរម្លឹកជារឿយៗ ដល់ ស្ថាប័នពាក់ព័ន្ធក្រោមឱវាទ ក្រសួងមហាផ្ទៃ៕