ភ្នំពេញ ៖ របាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងមហាផ្ទៃចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 7 ខែមករា ឆ្នាំ 2024 បានឲ្យដឹងថា លទ្ធផលរយៈពេលមួយសប្ដាហ៍នៃឆ្នាំថ្មីនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសង សរុបបាន 20 ទីតាំង នៅ 8 រាជធានីខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពី លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤។
លោកបញ្ជាក់ថា ជាលទ្ធផលរួមនៃការបង្ក្រាប 20 ទីតាំងនេះ មាន ជនល្មើស ត្រូវបានឃាត់ខ្លួន ២៣នាក់ លើ ការ បង្ក្រាប 11 ទីតាំង កើតឡើង នៅ 6 រាជធានីខេត្ត ដែលបានបញ្ជូនជនសង្ស័យ ទៅតុលាការចំនួន 23 នាក់។ ក្រៅពីនេះក៏មាន វិធានការរដ្ឋបាល ចំនួន 9 ករណី ដែលមានជនសង្ស័យសរុបចំនួន 9 នាក់ត្រូវបានចាត់ វិធានការតាមវិធានរដ្ឋបាល គឺ អប់រំ ណែ នាំ និងធ្វើកិច្ចសន្យាបញ្ឈប់។
បន្ថែមពីលើបញ្ហាអាទិភាពទាំង 6 របស់ក្រសួងមហាផ្ទៃនៅក្នុងអាណត្តិថ្មីនេះ ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយ ផងដែរ ពីលើ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា។
ក្រោម ទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ជាពិសេស គឺការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ ដែល ឈាន ដល់ ការ បញ្ចប់មុខតំណែងតួនាទី បន្ថយឋានន្តរស័ក្តិ និងការបណ្ដេញចេញពីក្របខ័ណ្ឌលើមន្ត្រីនគរបាលមួយចំនួន ដែលក្នុងនោះ មានមន្ត្រីមួយចំនួន ត្រូវ បាន ចាត់វិធានការណ៍ ដោយឥតមានការយល់យោគពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ឬបទល្មើសគ្រឿងញៀនផ្សេងៗទៀត ស្របតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង»៕