មន្ត្រីសង្គមស៊ីវិលគាំទ្រ លោក ស សុខា ឱ្យបណ្តេញសមត្ថកិច្ចចេញពីក្របខណ្ឌក្នុងករណីបើកឡានបុកគេហើយរត់

ភ្នំពេញ៖ លោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ី បានប្រកាសគាំទ្រ ចំពោះប្រសាសន៍របស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានលើកឡើងថា បើមានករណី មន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ចបង្កឱ្យមានគ្រោះថ្នាក់ចរណ៍ បើករថយន្តបុកគេ ហើយរត់គេចខ្លួន ហើយមិនមកសារភាពកំហុសនោះ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន ខ្មែរឈានមុខ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោក គឹម បញ្ញាថា «ជារួមខ្ញុំគាំទ្រ ប្រសាសន៍ដែលលើកឡើងថា សម្រាប់អ្នកដែលជាមន្រ្តីរាជការ ក៏ដូចជាអ្នកដែលស្ថិតនៅក្នុងតួរនាទីស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធជាដើម ប្រសិនបើគាត់បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បុកគេហើយគាត់រត់គេច ចឹងការលុបឈ្មោះនិងការដេញចេញពីក្របខ័ណ្ឌហ្នឹង គួរតែធ្វើឡើងព្រោះវាបញ្ជាក់ពីការមិនទទួលខុសត្រូវរបស់យើង ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ»។

លោកបន្តថា ប៉ុន្តែត្រូវពិនិត្យមើលដែរ អំពីករណី រត់គេចពីកន្លែងកើតហេតុ ខ្លះ ដោយសារតែមានការបារម្ភ ខ្លាចត្រូវគេប្រើហិង្សា ពោលគឺខ្លាចក្រុមគ្រួសារខាងជនរងគ្រោះ ទប់កំហឹងមួយឆាវមិនបាន ក៏ប្រើហិង្សាទៅលើជនបង្កវិញជាដើម។ តែក្នុងករណី បើជនបង្កទៅទទួលកំហុស នៅតាមប៉ុស្ដិ៍នគរបាលណាមួយ ក៏ត្រូវតែគួរមានការពិនិត្យមើលឡើងវិញផងដែរ។

ជាមួយគ្នានេះ លោក គឹម បញ្ញា សង្កត់ធ្ងន់ថា ប៉ុន្តែបើក្នុងករណី ជនបង្កមិនព្រមទទួលខុសត្រូវតែម្ដង បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍រួចហើយ ករណីនេះ ចាំបាច់ត្រូវមានវិធានការបន្ថែមទៀត ដូចជា៖ សូមឱ្យមានការដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរបន្ថែមទៀត។

លើសពីនេះទៀត នាយកអង្គការបង្ការរបួសអាស៊ី បានបន្ថែមថា វិធានការដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អត់មានអ្វីលើសពី ការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយ ធ្វើទាំងថ្ងៃទាំងយប់ឱ្យបានជាប់លាប់និងម៉ឺងម៉ាត់ ដោយផ្ដោតលើកត្តាហានិភ័យ ធ្វើឱ្យមានតម្លាភាព ស្មើភាព និងធ្វើឱ្យបានត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនេះ លោក គឹម បញ្ញា ក៏បានធ្វើការសូមណូមពរ ឱ្យស្ថាប័នរដ្ឋទាំងអស់ ត្រូវមានបទបញ្ជាផ្ទៃក្នុង អំពីសុវត្ថិភាពចរាចរណ៍ ឬក៏បង្កើតឱ្យមានគោលនយោបាយ ស្ដីពីច្បាប់ចរាចរណ៍ គ្រប់ស្ថាប័នរដ្ឋទាំងអស់ផងដែរ។

ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨ ប្រារព្ធនៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង លើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបណា ទាំងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស។

នាឱកាសនោះ លោកថ្លែងថា«ចំពោះអ្នកដែលបុករត់ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់ ខ្ញុំសូមប្ដេជ្ញាចិត្ត ឬមួយប្រកាសពីទីនេះទៅតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ហើយអត់មកសារភាពទេ ក្របខ័ណ្ឌខ្ញុំគិតថា មិនគួរទុកទេ។ យើងជាកម្លាំងប្រដាប់អាវុធ យើងត្រូវធ្វើជាគម្រូឱ្យប្រជាពលរដ្ឋមើល និងរៀនសូត្រតាម។ បើកាយវិការយើងមិនគួរឱ្យគេគោរព មិនគួរឱ្យគេធ្វើតាមផង ខ្ញុំគិតថា អាហ្នឹងមិនអាចទៅរួចទេ!»។

ការព្រមានបណ្ដេញពីក្របខ័ណ្ឌលើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃដែលគ្មានទំនួលខុសត្រូវលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបាន ប្រមុខក្រសួងមហាផ្ទៃរូបនេះ សង្កត់ធ្ងន់ បន្ទាប់ពីបានទាញចំណាប់អារម្មណ៍អង្គពិធីអំពីករណីគ្រោះថ្នាក់ចរាចរណ៍នាមួយរយៈចុងក្រោយ ដែលជនបង្កបានព្យាយាមបើករត់ ហើយបន្តគេចខ្លួន។ លោក បន្ថែមថា “ទទួលស្គាល់ថា បើគាត់នៅ សុវត្ថិភាពគាត់អាចមានហានិភ័យខ្ពស់ ប៉ុន្តែកម្ពុជាយើង ខ្ញុំគិតថា គួរតែចាប់ផ្ដើមកាយវិការទទួលខុសត្រូវចំពោះផ្លូវច្បាប់”។

ភ្ជាប់នឹងករណីបុករត់នេះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានផ្ញើសារទៅកាន់មន្រ្តីមានសមត្ថកិច្ច យកចិត្តទុកដាក់ក្ដាប់ព័ត៌មាននេះឱ្យជាប់ ហើយចុះទៅអនុវត្តវិធានការច្បាប់ឱ្យបានរហ័ស និងប្រកបដោយប្រសិទ្ធភាព ពីព្រោះករណីខ្លះ ឯកឧត្តម បានកត់សម្គាល់ថា មន្រ្តីគ្រាន់តែចុះបំពេញកាតព្វកិច្ច ប៉ុន្តែមិនបានឃាត់ជនដែលប្រព្រឹត្តបទល្មើសឡើយ។ លោក បានបន្ថែមថា “សម្ដេចមហាបវរធិបតី បានលើកឡើងហើយ ឱ្យតែបុកស្លាប់ ឬមួយមានជាតិស្រវឹង គឺត្រូវតែវាយខ្នោះ”។

ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានបណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ១ពាន់នាក់ និងរបួសជាង ២,៧០០នាក់ ថយចុះ ៩% ធៀបនឹងឆ្នាំ២០២២។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុដែលប្រារព្ធទិវារំលឹកដល់ជនរងគ្រោះនៅថ្ងៃនេះវិញ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៥០លើក ថយចុះ៣៥លើក ធៀបនឹងឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់ចំនួន១០៩នាក់ និងរបួស១៦៨នាក់។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីនុ៕