ភ្នំពេញ ៖ របាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា ថ្ងៃទី០៣ នែព្រះរាជពិធីបុណ្យអុំទូក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ នៅតែបន្តល្អប្រសើរ ខណៈបងប្អូនប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយប្រមាណ ២លាននាក់។
របាយការណ៍នេះ បន្ថែមថា គ្រប់ទីបញ្ជាការស្រាល (គិតពីម៉ោង ០៧:០០ព្រឹក ដល់ម៉ោង ១៩:០០យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានទូកចូលរួមប្រកួតចំនួន ៣៣៨ទូក (ទូកអន្តរជាតិចំនួន ១៣៧ទូក)។
របាយការណ៍ដដែលនេះសង្កត់ធ្ងន់ថា ក្នុងនោះទូកអុំបុរសចំនួន ១៥៨ទូក ទូកចែវបុរសចំនួន ៤២ទូក ទូកចែវនារីចំនួន ៣ទូក ទូកអន្ដរជាតិ ១២៩ទូក ចំណុះទូកសរុប ១៦.៥៩៦នាក់ (ត្រៀម ៣.៨៤៨នាក់) ប្រទីបដែលត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យមានចំនួន ៣០ប្រទីប។ បើតាមការ ពិនិត្យជារួមនៅថ្ងៃទី០៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ មានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ប្រមាណ ២.០០០.០០០នាក់។
យោងតាមអគ្គស្នងការដ្ឋានគរបាលជាតិឱ្យដឹងថា សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការ មានករណី លួចម៉ូតូ ០១លើក ខណៈករណីនេះសមត្ថកិច្ចកំពុងខិតខំធ្វើការស្រាវជ្រាវស៊ើបអង្កេត។ ឆាបឆេះធុងហ្គាស ០១លើក មូលហេតុខ្វះការប្រុងប្រយ័ត្តក្នុងការផ្លាស់ប្តូរធុងហ្គាស បណ្តាលឲ្យរបួស ០៤នាក់ (ស្រី ០១នាក់) នៅគោលដៅរង្វង់មូលស្ពានកោះនរា ។ កម្លាំងការពារគោលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន ២០នាក់ (ស្រី ០៨នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន ១៣នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ០៧នាក់បន្តទៀត។
កម្លាំងត្រៀមអន្តរាគមន៍ បានចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹកចំនួន ០២ទូក ដោយបានជួយសង្រ្គោះកីឡាករសរុប ៤៣នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ០២នាក់ ប្រកបដោយសុវត្ថិភាព។
សមត្ថកិច្ចគោលដៅ ក.៩.៤ បានទទួលកាបូបលុយពីប្រជាពលរដ្ឋ ០១លើក កំពុងធ្វើការផ្សព្វផ្សាយស្វែងរកម្ចាស់មកទទួលយកទៅវិញ។ បានចុះផ្សព្វផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យសរុប ១០គោលដៅ។ ដោយឡែក ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅបានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ២.២៨២នាក់ (ស្រី ៣៥៦នាក់) និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យចំនួន ០៤នាក់៕