កម្ពុជា-អារ៉ាប៊ីសាអូឌីត បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យច្បាប់ និងការទូត

ភ្នំពេញ៖ កម្ពុជា-អារ៉ាប៊ីសាអូឌីត បានពិភាក្សាគ្នា លើសេចក្ដីព្រាងនៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។នេះបើយោងតាមជំនួប រវាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ លោក Mohammed Ismaeil A. Dahlwy បានជម្រាបអំពីដំណើរការ នៃការធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដែលពេលនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកែសម្រួល និងរំពឹងថាសម្រេចបាននាពេលឆាប់ៗ។

ជាមួយគ្នានោះ លោក ឯកអគ្គរាជទូត ក៏បានលើកឡើង អំពីសំណើឱ្យមានមន្រ្តីទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋអារ៉ាប៊ីសាអូឌីត។

ជាការឆ្លើយតប លោក ស សុខា បានស្វាគមន៍ និងចាត់ទុកវត្តមានរបស់ លោក ឯកអគ្គរាជូតនាពេលនេះ ថាជាការបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់របស់លោក ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងអារ៉ាប៊ីសាអូឌីត និងកម្ពុជា ជាពិសេសជាមួយក្រសួងមហាផ្ទៃផ្ទាល់។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ហើយមានសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មរបស់ លោកឯកអគ្គរាជទូត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕