ភ្នំពេញ៖ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានមានប្រសាសន៍ថា តំណាងអយ្យការកំពុងតែអនុវត្តនីតិវិធីករណីមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន ៥នាក់ ពាក់ព័ន្ធនឹងករណីបទចោទ កំហែងយក ប្រាក់ពីជនជាតិចិន ។
តាមរយៈសារតាមបណ្តាញសង្គមតេឡេក្រាម ឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន លោក ប្លង់ សុផល នឹងជូនព័ត៌មាននៅពេលដែលមានចំណាត់ការចុងក្រោយរបស់អយ្យការលើករណីខាងលើនេះ ។
លោក វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឹឆំាងគ្រឿងញៀន និងបក្ខ ពួក៤ នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀន រួចក៏បញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ទោះជាយ៉ាងណា លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន បានប្រាប់ឱ្យដឹងថា ករណីឃាត់ខ្លួនលោក វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបក្សពួក ៤ នាក់ ទៀត មិនមានពាក់ព័ន្ធ បទល្មើសគ្រឿងញៀនទេ ប៉ុន្តែ អាចពាក់ព័ន្ធ បទល្មើស កំហែងយក ។
សូមរំលឹកថា លោក វ៉ាន់ កុសល បានស្នើសុំគោលការណ៍ លោក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបជនជាតិចិនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។ លុះចាប់ឃាត់ខ្លួនមក ជនជាតិចិនទាំងនោះ គ្មានភស្តុតាង ពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ ។ បន្ទាប់ពីឆែកឆេរគ្មានភស្តុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានសុំគោលការណ៍លោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អនុញ្ញាតអោយត្រលប់ទៅវិញ ។
លោកប្រធានមន្ទីរបានឯកភាពតាមការស្នើសុំ តែមិនបានអោយ លោក វ៉ាន់ កុសល យកលុយជនជាតិចិនទេ ។ ចំណែកលោក វ៉ាន់ កុសល បានទាមទារលុយពីជនជាតិចិនទាំងនោះចំនួន ៣ ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង ដោយទៅយកលុយដល់ធនាគារថែមទៀតផង ។ ជនជាតិចិនទាំងនោះបន្ទាប់ពីប្រគល់លុយអោយទៅលោក វ៉ាន់ កុសល និងបក្សពួករួចហើយ ពួកគេក៏ប្ដឹងមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដេីម្បីទាមទាររកយុត្តិធម៌ ៕