អក្សរនៅលើតារាងព័ត៌មានហោះហើរ និងតម្លៃធ្វើដំណើរ ៨ដុល្លារ ត្រឹមចម្ងាយ ៤០ គីឡូម៉ែត្រ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី រងការរិះគន់ពីអ្នកលេងបណ្តាញសង្គម

សៀមរាប៖ ស្របពេលលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ចាប់ផ្តើម ដំណើការហោះហើរជាផ្លូវ និងទទួលស្វាគមន៍ភ្ញៀវទេសចរ នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ នេះ អ្នកលេងបណ្តាញសង្គមមួយចំនួន បានរិះគន់ទៅលើអក្សរ នៅលើកញ្ចក់ព័ត៌មានហោះហើរ និង តម្លៃជិះរថយន្តក្រុងពីក្រុងសៀមរាប មក អាកាសយានដ្ឋានថ្មីនេះ ចម្ងាយត្រឹមតែ ៤០ គីឡូម៉ែត្រ យកតម្លៃរហូតដល់ ៨ ដុល្លារអាមេរិក។

អ្នកលេងបណ្តាញសង្គមមួយរូប ដែលកាន់គណនី Tara Om បានសរសេររិះគន់អក្សរនោះថា ៖«នេះមិនមែនជាទម្រង់អក្សរខ្មែរត្រឹមត្រូវទេ។ អាកាសយានដ្ឋានអន្តរជាតិគឺជាកន្លែងមុខមាត់ជាតិ ហើយក៏ជាកន្លែងបង្ហាញពីអត្តសញ្ញាណជាតិឱ្យបរទេសឃើញមុនដំបូងដែរ។ មិនមែនជាផ្ទាំងប៉ាណូផ្សាយស្រាបៀដែលចង់រចនាអក្សរយ៉ាងម៉េចក៏បាននោះទេ។ អស់លោកនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលសុំយកភ្នែកមើលផង»។

ជាមួយគ្នានេះ អ្នកកាន់គណនីខាងលើនេះ ក៏បានរិះគន់ទៅលើតម្លៃផងដែរ៖ «ឮថាពីព្រលានយន្តហោះសៀមរាប អង្គរមកទីរួមខេត្តសៀមរាប មានឡានក្រុងរត់តែតម្លៃ8$ម្នាក់ ត្រឹមចម្ងាយដី៤០គីឡូម៉ែត្រសោះ ចង់ស្មើតម្លៃឡានក្រុងពីភ្នំពេញ ទៅសៀមរាបហើយ។ ក្រសួងទេសចរណ៍ គិតយ៉ាងម៉េចរឿងហ្នឹង ទីប្រឹក្សាក៏ច្រើន ដល់បាត់ទេសចរណ៍ រាស្រ្តជេរ តាំងឆ្លើយដាក់សង្រ្គាមអ៊ីស្រាអែល ប៉ាឡេស្ទីន»។

អ្នកលេងបណ្តាញសង្គមមួយទៀត កាន់គណៈនី Vireak Hoeung បានរិះគន់ទៅលើការសរសេរ មិនត្រឹមត្រូវនៅលើក្រដាសជូនដំណឹងរបស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ  ផងដែរ ។ លោក សរសេរថា៖​«#រត់ពន្ធ ចឹង, បាន រដ្ឋក្រ! #Duty-#free #ទំនិញរត់ពន្ធ vs #ទំនិញរួចពន្ធ៊។It’s way easier to just copy and follow the existing terminologies used by the previous or existing ones!»។


ទោះជាយ៉ាង ការរិះគន់នេះ មិនទាន់មានការឆ្លើយតបពីមន្ត្រីពាក់ព័ន្ធនៅឡើយទេ ។

នៅ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ  អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បើកដំណើរការទទួលជើងហោះហើរពាណិជ្ជកម្មទី១ ជាផ្លូវការ ដើម្បីទទួលស្វាគមន៍គ្រប់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ អ្នកធុរកិច្ច និងប្រជាជនទាំងកម្រិតជាតិ និងអន្តរជាតិ មកកាន់ទឹកដីខេត្តសៀមរាប ទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសចូលរួមសម្ពោធដាក់ឱ្យដំណើការអាសកាសយានដ្ឋានអន្តរជាតិថ្មីនេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល  បញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្តង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤អ៉ី (4E) និងតម្រូវការ ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និង សម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ (Long Haul Flights)។

លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ឱ្យដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី)នេះ មានសមត្ថភាព ទទួលអាកាសយានចំនួន៣៨ ចំណត, ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងឆ្នាំ២០២៤ និង ១២លាននាក់ក្នុងឆ្នាំ២០៤០ ខាងមុខ, អាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០,០០០តោនក្នុងឆ្នាំ ២០២៤ និង ២៦,០០០តោនក្នុងឆ្នាំ២០៤០ខាងមុខ ហើយគ្រោងទទួលជើងហោះហើរបានចំនួន ៦៥០០០ជើង ក្នុងឆ្នាំ២០២៤ និង១១២ ០០០ជើង នៅក្នុងឆ្នាំ២០៤០ តាមការព្យាការណ៍ទុក។

ជាមួយគ្នាននេះ លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (Angkor International Airport Investment Cambodia Co., Ltd. /AIAI) ដែលបានវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះឡើង ប្រកបដោយជោគជ័យ ទោះបីជាមានការពន្យារពេលនៃដំណើរការសាងសង់នាអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ក្តី និងសូមកោតសរសើរចំពោះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការរបស់ខ្លួន ក្នុងការគាំទ្រដល់កិច្ចដំណើរការសាងសង់ ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគដល់ទៅ ១,១០០លានដុល្លារ ផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ហើយគោលនយោបាយនេះ កំពុងបន្តពូនផ្តុំ និងថែទាំដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧបនាយករដ្ឋមន្ដ្រី ចាក់ទុកថា ការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាការបើកទំព័រថ្មីមួយកម្ពុជា ក្នុងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍៕