ភ្នំពេញ៖ តាងនាមឱ្យក្រុមគ្រួសារនៃសព លោក ឧកញ៉ា ឈាង រ័ត្ន បាន ឱ្យដឹងថា ក្រុមគ្រួសារនៃសព មានទុក្ខក្រៀមក្រំជាទម្ងន់ ដោយ លោក ឧកញ៉ា ឈាង រ័ត្ន អតីតប្រធានក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក បានទទួលមរណភាពកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ក្នុងលិខិតជូនដំណឹងនៅថ្ងៃទី ១២ ខែតុលា នេះ បានឱ្យដឹងថា ដោយសង្កេតឃើញថា មានអ្នកសារព័ត៌មាន និងសាធារណជនមួយចំនួន បានធ្វើការផុសចែកចាយ និងស៊ែរ រូបភាព និងវិដេអូមិនសមរម្យលើបណ្តាញសង្គម ពាក់ព័ន្ធនឹងសពលោក ឧកញ៉ា ឈាង រ័ត្ន ជាហូរហែ ដោយគ្មានការ អនុញ្ញាត។
លិខិតជូនដំណឹងនេះ បានសង្កត់ធ្ងន់ថា «ទង្វើទាំងនេះ ហាក់ដូចជាមិនបានផ្តល់ការគោរពសិទ្ធិបុគ្គល និងឱ្យតម្លៃ ហើយធ្វើឱ្យប៉ះយ៉ាងខ្លាំងដល់សេចក្ដី ថ្លៃថ្នូរ និងកិត្តិយសនៃសព និងប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់ក្រុមគ្រួសារទាំងមូលផងដែរ។ លើសពីនេះទៅទៀត ការធ្វើបែបនេះ ក៏មិនបានបង្ហាញអំពីសេចក្តីថ្លៃថ្នូរ និងគុណធម៌ក្នុងនាមជាមនុស្ស និងធ្វើ ឱ្យសីលធម៌ក្នុងសង្គមជាតិទាំងមូលមានការធ្លាក់ចុះថែមទៀតផង»។
ដូច្នេះ ក្រុមគ្រួសារនៃសព ទទូចសុំ បងប្អូនសារព័ត៌មាន និងសាធារណជនទាំងអស់ ដែលបានបង្ហោះរូបភាព ឬ វិដេអូទាំងឡាយណា ដែលមិនគួរគប្បី សូមឧកញ៉ា ឈាង រ័ត្ន បញ្ឈប់ការផុសស៊ និងលុបចេញពីគ្រប់បណ្តាញសង្គម រួមមានជាអាទិ៍ Facebook និង Tiktok ជាបន្ទាន់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនសារព័ត៌មាន និងសាធារណជនទាំងអស់ ទទួលជ្រាបជា ព័ត៌មាន និងចូលរួមសហការជាមួយក្រុមគ្រួសារនៃសព ដែលកំពុងជួបវិចិត្តយ៉ាងធ្ងន់ធ្ងរនាពេលនេះ៕