ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដោយប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីបក់ខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា នៅតាមបណ្តាខេត្តនៅភាគពាយ័ព្យជាប់នឹងប្រទេសថៃ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៧០-៨០%។ ចំណែក រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៦០%ផងដែរ៕