ភំ្នពេញ ៖ អនុវត្តតាមបញ្ជា លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិបូលីវី នាំល្បាយគ្រឿងញៀន កូកាអ៊ីនពីប្រទេសប្រស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមទាំងល្បាយគ្រឿងញៀនកូកាអ៊ីន ទម្ងន់ ៤៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និង សាច់កំណាត់)។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីទទួលព័ត៌មានសម្ងាត់ពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន អាមេរិក (DEA) និងមន្ត្រីសហព័ន្ធប្រេស៊ីល កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៤៥នាទី មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់កម្លាំងជំនាញការិយាល័យ(ក១) ដែលដឹកនាំសម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការត្រួតពិនិត្យវ៉ាល្លីសរបស់ជនសង្ស័យ ដែលធ្វើដំណើរមកពីទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ឌុយបៃ បន្តមកប្តូរជើងហោះហើរនៅម៉ាឡេស៊ី រួចធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MH762 ពីម៉ាឡេស៊ី ។
ជនសង្ស័យឈ្មោះ KAREN CECIA LOPEZ VACA ភេទស្រី ជនជាតិបូលីវី ឆ្នាំកំណើត១៩៨៧។ សមត្ថកិច្ចបានចាប់យកវត្ថុតាង ៖ ក្រោយធ្វើតេស្តបឋមបង្ហាញលទ្ធផល ជាល្បាយគ្រឿងញៀនប្រភេទកូកាអ៊ីន (Cocaine) ចំនួន២១បន្ទះធំ និង២២បន្ទះតូច (សរុប៤៣ បន្ទះ) ជាប់ជាមួយសាច់សម្លៀកបំពាក់ ដោយធ្វើការដេរភ្ជាប់ខោអាវ ដែលមានទម្ងន់សរុប ៤៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់កំណាត់)។
បច្ចុប្បន្នជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕
បច្ចុប្បន្នជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕