នគរបាលខេត្តព្រៃវែង ចាប់ផ្តើមយុទ្ធនាការប្រមូលសិស្សគេចវេសមិនចូលសាលារៀន

ខេត្តព្រៃវែង៖ សិស្សគេចវេសមិនចូលសាលារៀន ទៅប្រមូលផ្ដុំគ្នាលេងហ្គេម លេងទូរស័ព្ទ និងជួបជុំពពាក់ពពូនគ្នា ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាល និងធ្វើការអញ្ជើញអាណាព្យាបាល ឪពុកម្ដាយ មកធានាឱ្យត្រឡប់ទៅផ្ទះវិញ ដោយមានការដឹងឮពីលោកគ្រូអ្នកគ្រូនាយកសាលាផងដែរ ។

តាមប្រសាសន៍របស់ លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ការអនុវត្តបែបនេះ មើលមួយភ្លេតទៅហាក់ឆ្ងាយពីតួនាទីភារកិច្ចរបស់នគរបាលបន្តិច ហើយអាចរងការរិះគន់ថា ប៉ះពាល់សិទ្ធិសេរីភាពរបស់សិស្សសាលាទាំងនោះ ក៏ប៉ុន្តែលោកស្នងការ បានសង្កត់ធ្ងន់ថា៖ បើនគរបាលមិនចូលរួមធ្វើទេនោះ ក្មេងៗជាច្រើនអាចនឹងបោះបង់ការសិក្សាចោលដោយសាររៀនមិនទាន់គេ ឬគ្មានឈ្មោះប្រឡងជាដើម ។ល។ ពីព្រោះតែកម្មវិធីសិក្សាបច្ចុប្បន្នគឺតឹងតែងខ្លាំងណាស់ ។

លោកបន្តថា ភាគច្រើនក្មេងៗដែលពពាក់ពពូនជុំៗគ្នាបែបនេះ មិនយូរទេនឹងបង្កើតជាក្រុមបងធំបងតូចប្រព្រឹត្តអំពើមិនគប្បី ឬអាចឈានទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលសង្គមស្អប់ខ្ពើម ការនេះហើយចៀសពីនគរបាលចេញអន្តរាគមន៍មិនរួច ។

លោក ស្នងការនគរបាលខេត្ត បានបន្តទៀតថា
បើលោកគ្រូ អ្នកគ្រូ អាណាព្យាបាល ឪពុកម្តាយ ប្រជាពលរដ្ឋ ឬនគរបាលមិនចូលរួមកែតម្រូវបញ្ហានេះទេ អនាគតក្មេងៗទាំងនោះអាចក្លាយទៅជាជំងឺសង្គម ដែលត្រូវតាមព្យាបាលគ្មានដែនកំណត់ ម្យ៉ាងការអភិវឌ្ឍប្រទេសជាតិក៏នឹងជួបការលំបាកដោយសារតែក្មេងៗសិស្សសាលាដែលយើងមើលឃើញសព្វថ្ងៃអនាគតគឺជាអ្នកមានចំណែកចូលរួមសម្រេចជោគវាសនាជាតិផងដែរ ។

ក្រោយទទួលការណែនាំពី លោក ស្នងការនគរបាលខេត្ត កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលទាំង ១៣ ក្រុង-ស្រុក ចាប់ផ្តើមចូលធ្វើវេទិកាផ្សព្វផ្សាយដល់ក្នុងសាលារៀន និងចាប់ប្រមូលក្មេងៗគេចវេសមិនចូលសាលារៀនមកធ្វើការអប់រំបានច្រើនករណី ។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមជម្រាបដល់អាណាព្យាបាល ឪពុកម្តាយ លោកគ្រូអ្នកគ្រូដែរថា ការអនុវត្តកិច្ចការនេះនឹងធ្វើដូចភ្លៀងរលឹម និងតឹងរឹងពីមួយថ្ងៃទៅមួយថ្ងៃ និង
សំណូមពរប្អូនៗសិស្សានុសិស្សទាំងអស់ក្នុងខេត្តព្រៃវែង ខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ បម្រើសង្គមជាតិ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ព្រោះប្អូនៗទាំងអស់គ្នា គឺជាទំពាំងស្នងឫស្សី សូមធ្វើខ្លួនជាទំពាំងស្នងឫស្សីដ៏មានគុណភាព ដែលប្រទេសជាតិត្រូវការ ៕