អាជ្ញាធរក្រុងភ្នំពេញ នឹងបន្តអនុវត្តគម្រោងកែលម្អ និងលើកកម្ពស់សោភ័ណភាពផ្សារ និងតំបន់ជុំវិញផ្សារសេនជូរីផ្លាហ្សា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តគម្រោងកែលម្អ និងលើកកម្ពស់សោភ័ណភាពផ្សារ និងតំបន់ជុំវិញផ្សារសេនជូរីផ្លាហ្សានេះ ឲ្យកាន់តែមានសោភ័ណភាព មានបរិស្ថាន-អនាម័យល្អ និងមានសណ្តាប់ធ្នាប់របៀបរៀបរយ។ នេះបើតាម លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។

នៅក្នុងពេល ចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងវិនិយោគសាងសង់ផ្សារសេនជូរីផ្លាហ្សាថ្មី នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោក នួន ផារ័ត្ន សង្កត់ធ្ងន់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំ តាមរយៈការ៉ូឡានៅតាមបណ្តោយផ្លូវជុំវិញផ្សារ, ការរៀបចំឲ្យមានផ្លូវថ្មើរជើង, ការជួសជុលបន្ថែមផ្លូវដែលខូច និង ការកែលម្អសោភ័ណភាពសួនកុមារពោធិ៍ចិនតុង បន្ទាប់ពីអាជីវករបានរើចេញរួចរាល់អស់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា ការចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងវិនិយោគសាងសង់ផ្សារសេនជូរីផ្លាហ្សាថ្មី របស់ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញនេះ ធ្វើឡើង ក្រោយពីការរៀបចំពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរជូនអាជីវករចាស់ និងក្រោយពីការផ្ទេរអាជីវករចាស់ដែលបានលក់ដូរបណ្តោះអាសន្នលើសួនកុមារពោធិ៍ចិនតុងត្រឡប់ចូលទៅលក់ក្នុងផ្សារដែលបានសាងសង់ថ្មីវិញ៕