កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ាក បានឃាត់ខ្លួនជនសង្ស័យ ៩នាក់ ប្រើប្រាស់អំពើហិង្សាដោយចេតនា

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ាក បានឃាត់ខ្លួនជនសង្ស័យ ៩នាក់ ប្រើប្រាស់អំពើហិង្សាដោយចេតនា (ប្រើកាំបិតបុ័ងតោ, កាំបិតផ្គាក់, ដាវសាំម៉ូរៃ, ដំបងឆក់ និងឈើជ្រុង វាយប្រតាយប្រតបគ្នាទៅវិញទៅមក) នៅផ្លូវលេខ១០០៣ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២២និង០០នាទី មានជនសង្ស័យ០២ក្រុម ប្រដាប់ដោយកាំបិតបុ័ងតោ, ដាវសាំម៉ូរៃ, កាំបិតផ្គាក់ និងដំបង មានការវាយប្រតាយប្រតបគ្នាទៅវិញទៅមក និងមានរថយន្តជិះដេញបុកផាស្អាប់និងម៉ូតូ នៅចំណុចកើតហេតុខាងលើ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះទៅអន្តរាគមភ្លាមៗ ឃាត់បានជនសង្ស័យចំនួន ០៩នាក់ យកមកប៉ុស្តិ៍តែម្ដងចំពោះមុខជនសង្ស័យទាំង០៩នាក់ បានបញ្ជូនមកអធិការដ្ឋាន។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋ ជាច្រើននាក់ នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣ បានចេញទៅតវានៅមុខអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បី ឱ្យដោះលែងជនដៃដល់ ដោយពលរដ្ឋទាំងនោះ បានចោទទៅលើជនជាតិវៀតណាមជាអ្នកបង្ក ប៉ុន្តែ សមត្ថកិច្ចអះអាងថា ខ្លួន ធ្វើទៅតាមទៅតាមច្បាប់ និងនីតិវិធី៕