អាជ្ញាធរស្រុកសាមគ្គីមានជ័យ ចុះណែនាំដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលេខ៥ ឱ្យកាត់សំយាបផ្ទះ រឺរោងលក់ដូររបស់ខ្លួន ដែលសង់រំលោភលើចំណីផ្លូវសាធារណៈ

ស្រុកសាមគ្គីមានជ័យ ៖ គណៈអភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំស្វាយបានចុះណែនាំដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលេខ៥ ក្នុងភូមិជន្លាត់ដៃ និងភូមិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកាត់សំយាបផ្ទះ រឺរោងលក់ដូររបស់ខ្លួន ដែលសាងសង់រំលោភលើចំណីផ្លូវសាធារណៈ។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានលើកឡើងទៀតថា ការតាំងលក់ដោយដាក់គ្រែ តូប នៅលើផ្លូវសារធារណៈ ឬសាងសង់សំយាបផ្ទះ លើផ្លូវសាធារណៈ ពិតជាបង្កភាពអាណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ បង្កការកកស្ទះ ងាយបង្កគ្រោះថ្នាក់ចរាចរណ៍ និងគ្មានអនាម័យ។

លោកថ្លែងថា ជាមួយនោះចំពោះអ្នកដែលមានផ្ទះ តូប ដែលតសំយាបបំពានផ្លូវសាធារណៈ ដើម្បីតាំងលក់ និងជួលឱ្យអ្នកលក់ ក៏កំពុងបង្កយ៉ាងធ្ងន់ធ្ងរផងដែរ ដល់ការធ្វើចរាចរណ៍រថយន្តចេញ ចូល ពិសេសរថយន្តសង្គ្រោះ មិនអាចចូលជួយបាន។

លោក ឈួន ចាន់ណា បានណែនាំប្រជាពលរដ្ឋបែបនេះ នាឱកាសអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារដាក់លូរំដោះទឹកប្រវែង ១០០០ម៉ែត្រ មុខកាត់ ១ម៉ែត្រ និងសាងសង់រីហ្គែរ ចំនួន ៣៥កន្លែង តាមដងផ្លូវលេខជាតិលេខ៥ ។

នាឱកាសនោះដែរ លោក អភិបាលស្រុក ក៏បានសំណូមពរ និងសុំការយោគយល់ អធ្យាស្រ័យ ពីបងប្អូនប្រជាពលរដ្ឋមានលំនៅដ្ឋាន នៅតាមដងផ្លូវនេះ នៅពេលដាក់លូ តែងមានការប៉ះពាល់ ម៉្យាងទៀតសូមអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំផ្លូវ និងលូនេះ ឱ្យមានសោភ័ណភាព និងប្រើប្រាស់បានយូរអង្វែង៕