ក្រុមហ៊ុន ពិភពដីមាស សរសេរ លិខិត សុំទោស ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោយលោកឧកញ៉ា ហ៊ី គឹមហុង ជាប់ពន្ធនាគារ

ភ្នំពេញ៖ ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក បានសរសេរ លិខិត សុំទោស លោក ម៉ៅ មធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោយ បានសាងនូវកំហុសខុសឆ្គងដ៏ធំធេងលើ លោកស្នងការ និងស្ថាប័នស្នងការដ្ឋាននគរបាលខេត្តដែលជានិមិត្តរូបរបស់ជាតិ ក្រោយពេលលោកឧកញ៉ា ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុននេះ និងកងអង្គរក្សមួយចំនួនទៀតត្រូវបានចាប់ខ្លួន និងឃុំខ្លួនកាលពីពេលថ្មីៗនេះ ពីបទឆបោកពលរដ្ឋ។

យោងតាមលិខិតសុំទោសរបស់ក្រុមហ៊ុន ពិភពដីមាស នៅថ្ងៃទី១៤ ខែមេសា បានសរសេរថា៖ «ដោយសេចក្តីសន្តោសប្រោសប្រណី ឯកឧត្តមស្នងការ និងស្ថាប័ន មិនដែលខឹងស្អប់ក្រុមហ៊ុនទេ ទុកក្រុមហ៊ុនជាកូនចៅស្មើសិទ្ធិនឹងប្រជារាស្ត្រជាអតិថិជនដែរ មិនតែប៉ុណ្ណោះ ឯកឧត្តមស្នងការ និងស្ថាប័នតែង តែក្រើនរំលឹកដល់ក្រុមហ៊ុនឲ្យពន្លឿនក្នុងការដោះស្រាយនូវសេចក្តីទុក្ខកង្វល់ជូនដល់បងប្អូនជាអតិថិជនរបស់ ក្រុមហ៊ុនជានិច្ច»។

លិខិតដដែលនេះ បន្តថា៖ « ព្រោះតែភាពងងឹតងងុល និងលទ្ធភាពរបស់ក្រុមហ៊ុននៅមានកម្រិត បូកផ្សំជាមួយនឹងភាព មិនអំណោយផលលើគោលវិធីនៃការសម្របសម្រួលដោះស្រាយផងនោះ ក្រុមហ៊ុនមិនទាន់បានឆ្លើយតបឲ្យ បានទាន់ពេលវេលា គោរពជូន ឯកឧត្តមស្នងការ និងស្ថាប័នផង ក្រុមហ៊ុនក៏ត្រូវបានជួបទៅនឹងវិបត្តិផ្ទួនៗយ៉ាង ធ្ងន់ធ្ងរជាលំដាប់»។

លិខិតដដែលបន្ថែម៖« ដើម្បីសមទៅនឹងទោសកំហុសដ៏គួរឲ្យអាសូរនេះ ក្រុមហ៊ុន សូមគោរពជម្រាបជូន ឯកឧត្តមស្នងការ និងស្ថាប័ន ព្រមទាំងសាធារណជនមេត្តាជ្រាបថា សូមកុំមានសេចក្តីមន្ទិលសង្ស័យលើ ឯកឧត្តមស្នងការ និងស្ថាប័ន ជាការផ្ដើម ឬ បង្កហេតុនៃកំហុសនោះតទៅទៀត ព្រោះគ្រប់យ៉ាងគឺជាកំហុសខុសឆ្គងទាំងស្រុងរបស់ក្រុមហ៊ុនសុទ្ធសាធតែប៉ុណ្ណោះ»។

លិខិដដែលនេះ បន្ថែមទៀតថា៖ «ទោះក្រុមហ៊ុន នៅមានពេលវេលាតិចក្នុងការសុំទោសដោយផ្ទាល់នៅចំពោះមុខ ឯកន្ធត្តមស្នងការ និងស្ថាប័ន ក៏ក្រុមហ៊ុនត្រូវតែសម្រេចសុំទោសជាសាធារណៈទុកជាមុនឲ្យហើយ ក្រែងពុំមានឱកាសចុងក្រោយ។ ក្រុមហ៊ុន នៅតែសម្ដែងនូវការសោកស្តាយជាទីបំផុត និងសូមគោរពស្នើសុំការអភ័យទោសពី ឯកន្ធត្តមស្នងការ និងស្ថាប័ន ចំពោះផលប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ការគិតគូរសុខទុក្ខរបស់ប្រជារាស្ត្រ របស់ឯកឫត្តមស្នងការ និងស្ថាប័ន ដែលកើតមានឡើងដោយសារក្រុមហ៊ុនផង»។

បើតាម លិខិតនេះ បញ្ជាក់ ៖ «ប្រសិនបើ មានឱកាស និងមានវាសនា អ្នកឧកញ៉ាប្រធាន អ៊ី គឹមហុង ប្រធានក្រុមហ៊ុនលោកត្រូវបាន ស្ថាប័នច្បាប់សម្រាលទោសកំហុស ហើយបានមកបំពេញភារកិច្ចដឹកនាំក្រុមហ៊ុនវិញបានទាន់ពេលវេលាក្រុមហ៊ុន ដំណើរទៅបានយ៉ាងរលូន ក្រុមហ៊ុននឹងគោរពស្នើសុំចូលជួបសម្តែងការគួរសម ឯកឧត្តមស្នងការ ដោយផ្ទាល់»។

លោក ម៉ៅ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី១៥ ខែសីហានេះ ឱ្យដឹងថា លោក ទទួលនូវការសុំទោសរបស់ក្រុមហ៊ុនពិភពដីមាស ហើយលោកក៏មិនដែលមានការគុំគួនអ្វីជាមួយក្រុមហ៊ុននោះដែរ លោកគ្រាន់តែអនុវត្តទៅតាមតួនាទីភារៈកិច្ចនិងរកយុត្តិធម៏ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ។

លោកបញ្ជាក់ថា ៖«ជាចុងក្រោយសូមក្រុមហ៊ុនរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជាមួយធនាគារអោយបានឆាប់ មិនមែនខ្ញុំទទួលនូវការសុំទោសហើយនិតិវិធីទៅតុលាការត្រូវបានបញ្ចប់នោះទេ ដរាបណាប្រជាពលរដ្ឋមិនទាន់មានដំណោះស្រាយពីក្រុមហ៊ុន និតិវិធីនូវតែបន្ត»។

លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួនឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងគូកន៥ នាក់ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ។ ចំណែកសន្តិសុខ៨ នាក់តំណាងអយ្យការបានសម្រេចដោះលែងឲ្យមានសេរីភាពវិញ ដោយសំអាងហេតុមិនពាក់ព័ន្ធ បទល្មើស ។

ឧកញ៉ា ហ៊ី គីមហុង ចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស» តាមមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ខណៈក្រុមអង្គរក្ស របស់លោក ត្រូវបានតុលាការចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» តាមមាត្រ២១៨ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា ឧកញ៉ា ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប ១៤ នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៣៕