ឃាត់ខ្លួនបុគ្គលមួយរូបពាក់ព័ន្ធនឹងការគម្រាមនារីដែលជាអតីតៈគូរស្នេហ៍ចាស់របស់ខ្លួន

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុគ្គលមួយរូបពាក់ព័ន្ធនឹងការគម្រាមនារីដែលជាអតីតៈគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយដែលខ្លួនធ្លាប់បានថតក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា។ នេះបើតាមការផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

ប្រភពដដែលនេះបន្តថា ប្រតិបត្តការណ៍នេះប្រព្រឹត្តទៅក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗក្រោយពីជនសង្ស័យរូបនេះបានគម្រាមកំហែងជនរងគ្រោះជាច្រើនលើកច្រើនសារថានឹងបង្ហោះចែកចាយរូបភាព វីដេអូអាក្រាតកាយរបស់ជនរងគ្រោះតាមបណ្តាញសង្គមនានាប្រសិនបើជនរងគ្រោះមិនអនុវត្តតាមបញ្ជារបស់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការនិយមថតរូបភាព វីដេអូបែបមនោសញ្ចេតនាស្រើបស្រាលជាមួយដៃគូស្នេហា ដែលទង្វើរនេះជាការដាក់ខ្លួនចូលទៅក្នុងហានិភ័យនៃការប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លូរធ្ងន់ធ្ងរប្រសិនបើរូបភាពទាំងនោះបានបែកធ្លាយដោយអចេតនា ឬដោយសារការប៉ុនប៉ងអាក្រក់ពីភាគីណាមួយ៕