ច្រើនណាស់! សមត្ថកិច្ចជំនាញបង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែនជាង ៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែន ជាង ៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ នេះ ឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពី(DEA) កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង០៤ខែ ដើម្បីស្រាវជ្រាវច្បាមមុខសញ្ញាឧក្រឹដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិន(តៃវ៉ាន់) ០១ក្រុម ដែលបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ។

ប្រភពដដែលនេះបន្តថា កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១+ក៤) ដឹកនាំដោយលោក អ៊ិន សុង នាយករងមន្ទីរ និងលោក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបដោយបែងចែកកម្លាំងជា ០២ក្រុម ។

ក្រុមទី១៖ នៅវេលាម៉ោង ០២និង៣០(យប់) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ ជាលទ្ធផល ឃាត់ជនសង្ស័យ ០២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)៖ ១.ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២ និង២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។ ចាប់យកវត្ថុតាងរួមមាន៖ ១.សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ 789 kg 781 g ។ ២.រថយន្ត ០១គ្រឿង -ទូរស័ព្ទ ០២គ្រឿង។ និង

ក្រុមទី២ ៖ នៅវេលាម៉ោង ០៧និង៣០(ព្រឹក) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ ០៩ និងលេខ ១១ ផ្លូវលេខ ០៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជាលទ្ធផល ឃាត់ជនសង្ស័យ ០៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ៖ ១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ ” មេខ្លោង” ។ ២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩។ ៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ ។ ៤. ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨។ ចាប់យកវត្ថុតាងរួមមាន៖ រថយន្ត ០៣គ្រឿង, ម៉ូតូ ០២គ្រឿង, ទូរស័ព្ទ ០៥គ្រឿង, គណនីធនាគារ ០៨គណនី។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) និង ចាប់យកវត្ថុតាងមួយចំនួន រួម សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ ៧៨៩គ.ក្រ ៧៨១ក្រាម។ រថយន្ត ០៤គ្រឿង, ម៉ូតូ ០២គ្រឿង, ទូរស័ព្ទ ០៧គ្រឿង, គណនីធនាគារ ០៨គណនី។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕