សូមប្រុងប្រយ័ត្ន! ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ បណ្តាលឲ្យឆាបឆេះផ្ទះមួយកន្លែង នៅខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៦ និង៣០នាទីព្រឹក មានករណីអគ្គិភ័យមួយកើតឡើង ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យឆេះខូចខាតបន្ទប់ជាន់ឡៅតឿ និងសម្ភារៈប្រេីប្រាស់អស់មួយចំនួន ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ ស្ថិតនៅចំណុចផ្ទះលេខ២៤៨ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ ០៥ឡាន ស្មេីរនឹង ២០ម៉ែត្រគូប និងរថយន្តជំនួយមកពីសាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង ០៤ម៉ែត្រគូប។

លោកបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ (៥ម៉ែត្រ គុណ ២០ម៉ែត្រ) បានឆេះខូចខាតបន្ទប់ជាន់ឡៅតឿចំនួន ០១បន្ទប់ និងសម្ភារៈប្រេីប្រាស់ប្រចាំថ្ងៃអស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង៧ និង២០នាទីព្រឹក ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ រីឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕