លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រកាសលាឈប់ពីការគ្រប់គ្រងវិទ្យុបារាំងRFI

ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រកាសលាឈប់ពីតួនាទីជាអ្នកគ្រប់គ្រងទ្យុបារាំងRFI នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ពោលគឺប្រមាណ៣០ថ្ងៃទៀតប៉ុណ្ណោះ។

នៅថ្ងៃទី១ ខែសីហានេះ លោកហ្សង់ ហ្វ្រង់ស័រ តាន់ បានឲ្យដឹងថា លោកបានជូនដំណឹងស្តីពីការចាកចេញនេះរបស់លោកដល់លោកស្រីប្រធានអគ្គនាយកនៃស្ថាប័ន នៅទីក្រុងប៉ារីសប្រទេសបារាំង ក្នុងថ្ងៃទី១៥មីនា កាលពីជាងបួនខែមុន។

លោកបន្តថា ប៉ុន្តែ គាត់បានស្នើខ្ញុំឱ្យបន្តកិច្ចការរហូតដល់ចុងខែសីហា ដើម្បីកែទម្រង់ការផ្សាយជាខេមរភាសា ដោយត្រូវឆ្លងចេញពីការផ្សាយតាមវិទ្យុទៅកាន់ការផ្សាយតាមប្រពន្ធ័ឌីជីថលទាំងស្រុង ជាអាទិ៍តាមហ្វេសប៊ុក (Facebook)។ កាងារទាំងនេះ ចប់ដាច់ស្រេចអស់ហើយ។

លោកបន្ថែមថា តាំងពីថ្ងៃចន្ទទី៣១ កក្កដាមក អស់មានទៀតហើយសំឡេងរបស់វិទ្យុបារាំងRFIតាមរលកអាកាសFMនៅកម្ពុជា។ ផ្ទុយទៅវិញ ការផ្សាយ ជាអាទិ៍តាមFacebook ត្រូវបានពង្រីកនិងពង្រឹងប្រកបដោយលក្ខណៈសម្បូរបែប ដោយសារការប្រឹងប្រែងរួមគ្នារវាងក្រុមការងារនៅភ្នំពេញនិងក្រុមមការងារនៅប៉ារីស។

ក្នុងពេលនេះ ទោះជាត្រូវនៅបន្តកិច្ចការបន្តិចបន្តួចនៅវិទ្យុRFIរហូតដល់ចុងខែសីហាក្តី ក៏លោកសូមឆ្លៀតពេលសរសេរថ្លែងអំណរគុណនិងសរសេរលាឱ្យហើយប្រិយមិត្តទាំងអស់ដែលគាំទ្រលោកជាយូរឆ្នាំកន្លងមកហើយ។

លោកសរសេរថា “ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទដំបូងគេបង្អស់នៅប៉ារីសនិងជាយក្រុងប៉ារីសដែល ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ តាមដានស្តាប់វិទ្យុRFI តាមរលកអាកាសមធ្យមOM”។

ជាមួយគ្នានេះ លោកមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រលោកនៅកម្ពុជាដែល ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣ តាមដានស្តាប់វិទ្យុRFIតាមរលកអាកាសFM។

លោកមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រលោកនៅគ្រប់ជ្រុងជ្រោយ ក្នុងពិភពលោកដែល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមដានស្តាប់វិទ្យុRFI តាមប្រព័ន្ធឌីជីថល ពិសេស Facebook និងYouTube។ ចំពោះការគាំទ្រនិងសេចក្តី ស្រឡាញ់ទាំងអស់នេះ លោកសូមលំឱនកាយសំពះដឹងគុណ លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនកូនក្មួយ។

ទន្ទឹមគ្នានេះដែរ លោកក៏ឆ្លៀតផ្ញើក្តីនឹករលឹកទៅកាន់លោកពូៗនិងអ្នកមីងៗ(គាត់ចាស់ៗអស់ហើយ)ដែលជាសហការីជំនាន់ទីមួយរបស់ខ្ញុំនៅវិទ្យុRFI។ សុទ្ធសឹងជាបញ្ញវន្ត អតីតគ្រូបង្រៀន និងអ្នកកាសែតជើងចាស់សម័យមុន ដូចជាលោក វ៉ាន់ឌី កាអុន, លោក សុទ្ធ ប៉ូលីន, លោក កែវ ឆៃយ៉ា, លោក រស់ ចន្ត្រាបុត្រ, លោកស្រី បុិច សង្វាវ៉ាន់…។ ចំពោះការជួយផ្នែកភាសាខ្មែរ(កាលសម័យហ្នឹង ភាសាខ្មែរខ្ញុំមិនជ្រៅជ្រះ) ក្មួយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលំឱនកាយសំពះដឹងគុណ លោកពូៗ និងអ្នកមីងៗ…។

លោកក៏សូមឆ្លៀតអរគុណសហការីជំនាន់ទី២ ទី៣ និងទី៤ នៅប៉ារីសក៏ដូចនៅភ្នំពេញ។ ភាគច្រើននៅបន្តការងារក្នុងស្ថាប័នRFIតទៅ ទៀត។ រីឯមួយចំនួនតូចបានក្លាយជាសមាជិករាជរដ្ឋាភិបាលឬ ជាឧត្តមមន្ត្រីនៅកម្ពុជា។ ចាប់ពីថ្ងៃទី១កញ្ញាខាងមុខនេះតទៅ លោក សេង ឌីណា និងលោក គួច គុន្ធារ៉ា នឹងឡើងកាន់តំណែងជាអ្នកដឹកនាំវិទ្យុRFIជាខេមរភាសា គ្រប់គ្រងក្រុមការងារនៅប៉ារីសនិងនៅភ្នំពេញ។

ចុងក្រោយបង្អស់ លោកសូមអរគុណថ្នាក់ដឹកនាំវិទ្យុបារាំងអន្តរជាតិជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៣មក។ អរគុណចំពោះទំនុកចិត្ត អរគុណចំពោះតំណែងជាបន្តបន្ទាប់ អរគុណដែលតាមរយៈបង្អួចដ៏តូចមួយនៃស្ថាប័នវិទ្យុRFIជាខេមរភាសា បើកលទ្ធភាពឱ្យខ្ញុំបាទបន្លឺសំឡេងផ្សព្វផ្សាយចំណេះដឹងដល់ប្រជាជនខ្មែរដើម្បីប្រយោជន៍នៃកម្ពុជា៕