សៀមរាប: រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣សហការជាមួយកងកម្លាំងសមត្ថកិច្ចក្នុងស្រុក បានចុះអនុវត្តឱ្យមានការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ចំពោះអ្នកដែលធ្វើដំណើរឆ្លងកាត់ទីរួម ស្រុកក្រឡាញ់ ធ្វើដំណើរតាមដងផ្លូវ និង ពលរដ្ឋដែលរស់នៅក្បែរក្នុងតំបន់ ចាប់ពីមុខអគារសាលាស្រុក រហូតដល់ផ្លូវបំបែករង្វង់មូលគ្រុឌថ្លែងសរ ត្រូវឈប់ និង ក្រោកឈរ ដើម្បីគោរពទង់ជាតិ តាមរយៈការចាក់ផ្សាយតាមវិទ្យុបណ្តាញ របស់ស្រុក ដែលមានឧគ្ឃោសនស័ព្ទបំពាក់នៅតាមបង្គោលតាមដងផ្លូវ។
លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឲ្យដឹងថា គោលបំណងសំខាន់ឱ្យមានការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីរួមចំណែកថែរក្សា លើកកម្ពស់អត្តសញ្ញាណជាតិ និងដាស់អារម្មណ៍ ស្មារតីដល់សាធារណៈជន ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទីរួមស្រុកក្រឡាញ់ និង អនុវត្តនូវរៀងរាល់ថ្ងៃ ចន្ទ និង ថ្ងៃសុក្រ វេលាម៉ោង ៧ព្រឹក។
លោក សុខ ណារ៉េត បន្តថា ការបង្កើតឱ្យមានការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាក្នុងស្រុកក្រឡាញ់នេះ ក្រោមគំនិតផ្ដួចផ្ដើម និង ជួយឧបត្ថម្ភគាំទ្រពីសំណាក់លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ ដែលបានឧបត្ថម្ភនូវនូវឧបករណ៍សម្ភារៈប្រព័ន្ឋវិទ្យុបណ្តាញ រួមមាន ៖ មេក្រូចំនួន៤៥គ្រឿង , អំភ្លីកម្លាំង២០០វ៉ាត់ ចំនួន០១គ្រឿង , វិទ្យុស្ដាប់សំឡេង ចំនួន០១គ្រឿង និងខ្សែភ្លើងប្រវែង១.៥២០ម៉ែត្រ ហើយនៅពេលខាងមុខនេះ រដ្ឋបាលស្រុកក្រឡាញ់ នឹងរៀបចំវិទ្យុបណ្តាញនៅតាមបណ្តារដ្ឋបាលឃុំទាំង១០ផងដែរ។
លោកអភិបាលស្រុកក្រឡាញ់ បន្តថា ការអនុវត្តឲ្យគោរពទង់ជាតិនៅតាមផ្លូវក្នុងទីប្រជុំជនបណ្ដាស្រុក និង ទីរួមខេត្តសៀមរាបនោះ ក៏ធ្លាប់បង្កើតឲ្យមានដែរ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា៕