សមត្ថកិច្ចចម្រុះ ខេត្តព្រះសីហនុដុតកម្ទេចចោលបារី សម្ភារៈផលិតបារីនិងសំបកវេចខ្ចប់បារីទម្ងន់ជិត៤០តោន

ព្រះសីហនុ៖ សមត្ថកិច្ចចំរុះដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាសាលាដំបូងខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំដុតកម្ទេចចោលបារី,សម្ភារៈផលិតបារីនិងសំបកវេចខ្ចប់បារីទម្ងន់ជិត៤០តោន ។

យោងតាមនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅថ្ងៃទី១៣ ខែកក្កដានេះ ឱ្យដឹងថា បារី,សម្ភារៈផលិតបារីនិងសំបកវេចខ្ចប់បារីទាំនេះ ជាវត្ថុតាងក្នុងបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ក្នុងសំណុំរឿងរោងចក្រផលិតនិងវេចខ្ចប់បារីម៉ាកESSEក្លែងក្លាយ ដែលចុះបង្ក្រាបដោយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី៩ខែកញ្ញា២០២០កន្លងទៅ។

ប្រភពដដែលនេះបញ្ជាក់ថា ការដុតបំផ្លាញនេះធ្វើឡើងនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ អនុវត្តន៍តាមអំណាចសាលក្រមសម្រេចមុនអង្គសេចក្តីលេខ២៧/០៤ មអស .ក. ចុះថ្ងៃទី២៤ខែវិច្ឆិកា២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ ដែលធ្វើឡើងតាមសំណើរបស់ ក្រុមហ៊ុន ខ្មែរ ធីបថប អ៊ីមិច ឯ.ក៕