រតនគិរី៖ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី និងមន្ត្រីជំនាញមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. កំពុងបន្តតាមដាន និងវិភាគរកសារធាតុមេតាណុលនៅក្នុងផលិតផលស្រា ដែលមានលក់ និងចែកចាយក្នុងខេត្តរតនគិរី ក្រោយមានករណីបណ្តាល ឱ្យកម្មករនៅក្នុងក្រុមហ៊ុន ហ័ង អាញ ពុលស្លាប់ ១០ នាក់។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជេង និងការបង្រ្កាបការក្លែងបន្លំនៅថ្ងៃទី៥ ខែកក្កដានេះ ឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញ ក.ប.ប. បានប្រមូលសំណាកគំរូចំនួន ៨៦ និងបានធ្វើវិភាគបឋមដោយប្រេីប្រាស់ឧបករណ៍ Methanol Analyzer និងបានរកឃើញថា មានសំណាកគំរូចំនួន៤ ក្នុងចំណោម៤៩គំរូផ្សេងគ្នាដែលបានវិភាគរួច មានផ្ទុកសារធាតុមេតាណុលក្នុងកម្រឹតខ្ពស់ ជាហេតុអាចបណ្តាលឱ្យពុលស្លាប់បាន។
អគ្គយកដ្ឋានក.ប.ប បន្តថា បន្ថែមពីលើនេះ សំណាកគំរូស្រាទាំងនោះ ក៏ត្រូវបានបញ្ជូនមកមន្ទីរពិសោធន៍នៅទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគបញ្ជាក់បន្ត។
ប្រភពដដែលនេះបន្តថា មន្ត្រីជំនាញក.ប.ប. នៅតែបន្តសហការស្រាវជ្រាវតាមដាន និងប្រមូលយកសំណាកគំរូស្រាពីបណ្ដាស្រុកផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីវិភាគបន្ត។
បើតាម អគ្គនាយកដ្ឋានក.ប.ប កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣ អគ្គនាយដ្ឋានក.ប.ប.ប. បានចាត់បញ្ជូនមន្រ្តីជំនាញមន្ទីរពិសោធន៍ទៅខេត្តរតនគិរី ដើម្បីចូលរួមសហការជាមួយសាខា ក.ប.ប. រួមជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដេីម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់នៅខេត្តរតន:គីរី។
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី បាន ឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានជនរងគ្រោះដែលជាកម្មករធ្វើការក្រុមហ៊ុន ហ័ង អាញ អណ្ដូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្គង ស្រុកកូនមុំ ខេត្តរតនគិរីសរុបចំនួន ១១នាក់ បានបាត់បង់ជីវិតចំនួន ១០ នាក់ ក្នុងនោះមានកម្មករនិយោជិតចំនួន ០៥នាក់៕