បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានចុះបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងម៉ូតូ ទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយ គ្រឿងញៀនម៉ាទឹកកក ចំនួន ០៦កញ្ចប់ ទម្ងន់ ១៣៣៨,៨៤ក្រាម។
កងរាជអាវុធហត្ថខេត្តបាត់ដំបង ឱ្យដឹងនៅថ្ងៃទី ២១ ខែមិថុនានេះថា ការបង្ក្រាបនេះ ធ្វើឡើង នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ និង យោងតាមបទបញ្ជារបស់លោក លោក ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ព្រមទាំងដឹកនាំបញ្ជាផ្ទាល់ដោយលោក រ៉ុង ប៉ុក មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស លោក ជា តារា នាយសេនាធិការស្ដី និងលោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថាខ្លួនមានគ្រឿងញៀនមួយចំនួនទៀតលាក់ទុកនៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។ លុះវេលាម៉ោង១៩:៣០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងយើងបានចុះទៅដល់បន្ទប់ជួល ចំណុចខាងលើ ហើយធ្វើការឆែកឆេរ រកឃើញ គ្រឿងញៀនម៉ាទឹកកកចំនួន ៤១ កញ្ចប់ ទម្ងន់ ៣០៣៧៤,៥ក្រាម, កាបូបយួរដៃចំនួន០២, ការ៉ុងចំនួន០២។
សរុបដកហូតវត្ថុតាងរួមមានគ្រឿងញៀនម៉ាទឹកកក ចំនួន៤៧កញ្ចប់ ទម្ងន់ ៣១៧១៣,៣៤ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ម៉ូតូ ០១ គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង, ប្រាក់១២០០បាត, ប្រាក់១០០ដុល្លារ, ប្រាក់៤,០០០,០០០រៀល, អត្តសញ្ញាណប័ណ្ណ ០១សន្លឹក, ផ្លាកលេខម៉ូតូ ចំនួន ០២ សន្លឹក, ថង់តែច្រកគ្រឿងញៀន០១ ថង់, កាបូបយួរដៃចំនួន០២ និងការ៉ុងចំនួន០២។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី៕