មន្រ្តីនគរបាលម្នាក់តូចចិត្តមានជំងឺប្រចាំកាយបានយកកាំភ្លើងបាញ់សម្លាប់ខ្លួននៅខេត្តស្វាយរៀង

ស្វាយរៀង ៖ មន្ត្រីនគរបាលដែលត្រូវបានគេសង្ស័យតូចចិត្តដោយសារមានជំងឺប្រចាំកាយ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយបាញ់សម្លាប់ខ្លួនក្នុងរថយន្តកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះ ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

របាយការណ៍របស់សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សៅ ទិត្យរីណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាល ឋនន្តរសក្តិ វរសេនីយ៍ត្រី រស់នៅក្នុងភូមិ ឃុំកើតហេតុ។

តាមការបំភ្លឺពីឈ្មោះ សៅ សាមាន អាយុ៦២ឆ្នាំ ត្រូវជាឪពុក រស់នៅផ្ទះកើតហេតុ បានឲ្យដឹងថា កូនប្រុសរបស់គាត់ មានជម្ងឺប្រចាំកាយ ច្រើនឆ្នាំមកហើយព្យាបាលពុំជាសះស្បើយ ស្រាប់តែនៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ មុនកើតហេតុ កូនប្រុសរបស់គាត់គ្រាន់តែបើករថយន្តចូលដល់ផ្ទះ មួយសន្ទុះក្រោយមក ឮសូរសម្លេងផ្ទះកាំភ្លើង ក្រុមគ្រួសាររត់ចេញមកមើល ឃើញជនរងគ្រោះស្លាប់ក្នុងរថយន្តបាត់ទៅហើយ ផ្អើលឆោឡោនាំគ្នាលើកចេញដាក់លើគ្រែ ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ ប្រើប្រាស់កាំភ្លើងម៉ាកCZP07 ពណ៌ខ្មៅបាញ់ចំស្នៀតផ្កាខាងឆ្វេងបណ្តាលឱ្យស្លាប់នៅក្នុងរថយន្ត ។ សពជនរងគ្រោះក្រោយពីជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕