កុំយកចំណតរង់ចាំរថយន្តក្រុងសាធារណៈធ្វើជាចំណតចតផ្ទាល់ខ្លួន ឬធ្វើជាកន្លែងលក់ដូរ

ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បាន ហាមពលរដ្ឋ កុំយកចំណតរង់ចាំរថយន្តក្រុងសាធារណៈធ្វើជាចំណតចតផ្ទាល់ខ្លួន ឬធ្វើជាកន្លែងលក់ដូរ ពីព្រោះជាចំណតរង់ចាំសម្រាប់អ្នកដំណើរជិះរថយន្តក្រុងសាធារណៈ។

ការហាមប្រាមពលរដ្ឋរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញនេះ ធ្វើឡើង នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ ក្រោយពីសង្កេតឃើញពលរដ្ឋ និងអ្នកធ្វើដំណើរតែងតែយកចំណតរថយន្តក្រុង ជាកន្លែងចំណតចតផ្ទាល់ខ្លួន។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បញ្ជាក់ថា នៅពេលដែលបងប្អូនប្រជាពលរដ្ឋយករថយន្ដ ម៉ូតូ កង់បី ឬលក់ដូរលើចំណតធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរជិះរថយន្តក្រុង ដែលធ្វើឲ្យរថយន្តគ្មានចំណតចូលចតបានត្រឹមត្រូវអាចធ្វើឲ្យការចតរថយន្តគ្មានសណ្តាប់ធ្នាប់ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងឈានដល់គ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ក៏បាន អំពាវនាវឱ្យពលរដ្ឋ មកប្រើប្រាស់រថយន្ដក្រុងសាធារណៈដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕