ភ្នំពេញ៖ ដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពប្រជាពលរដ្ឋ និងសិទ្ធិរបស់អ្នកប្រើប្រាស់ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តឧត្តរមានជ័យ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី នៅថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២៣ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគចម្រុះនៅតាមទីផ្សារគោលដៅខេត្តរបស់ខ្លួន។ នេះបើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបក្លែងបន្លំ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៣៕
បើ យោងតាមលទ្ធនៃការត្រួតពិនិត្យ មន្រ្តីជំនាញខេត្តទាំងបី បានរកឃើញ និងដកហូតនូវទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៦៤.៦១ គីឡូក្រាម។ មន្រ្តីជំនាញក៏បានធ្វើការដកហូតទំនិញដែលមិនអនុលោមភាពមករក្សាទុកនៅសាខារបស់ខ្លួនដើម្បីបន្តនីតិវិធីពេលក្រោយ និងធ្វើការពិន័យអន្តរការណ៍ផងដែរ។
នាថ្ងៃដដែលនេះផងដែរ មន្រ្តីជំនាញខេត្តឧត្តរមានជ័យ សហការជាមួយម្ទីរអប់រំខេត្តបានចូលរួមផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្ស និងលោកគ្រូនាក់គ្រូប្រមាណ៨០នាក់នៅសាលាបឋមសិក្សាភ្នៀត ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ក្នុងការស្វែងយល់ពីការជ្រើសរើសម្ហូបអាហារឱ្យត្រូវនិងមិនប៉ះពាល់ដល់សុខភាព។ ការផ្សព្វផ្សាយនេះគឺជាការបញ្ជាបការយល់ដឹងបន្ថែមជូនដល់លោកគ្រូនាក់គ្រូ និងសិស្សានុសិស្សក្នុងយល់ដឹងពីម្ហូបអាហារដែលមានហានិភ័យ និងមានសុវត្ថិភាពសម្រាប់បរិភោគ៕