សៀមរាប៖ ក្រោយមានការផ្ទុះវែកញែកផ្អើលពេញបណ្តាញសង្គម ពាក់ព័ន្ធនឹង ករណីបុរសម្នាក់ចូលលួចកាច់ទំពាំងក្នុងចម្ការរបស់ស្រ្តីម្នាក់ ក្រុមរងារបតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញមុខបំភ្លឺពីករណីនេះថា ភាគីទាំងសងខាងបានយល់ព្រមសម្របសម្រួល បញ្ចប់រឿងនៅរដ្ឋបាលឃុំលាងដៃ ដោយមានការចូលរួមពីសមត្ថកិច្ចមូលដ្ឋានផងដែរ។
យោងតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី៩ ខែមិថុនា ឱ្យដឹងថា ថ្មីៗនេះមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធករណីប្រជាពលរដ្ឋឈ្មោះ សោម សៀន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដោយបានចូលទៅលួច កាច់ទំពាំងឬស្សី ចំនួន ០៤ទំពាំង នៅចំការឫស្សីរបស់ម្ចាស់ឈ្មោះ ជា លក្ខណា ភេទស្រី អាយុ ៤៥ឆ្នាំ ដែលជាអ្នករស់ នៅភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សេចក្តីបំភ្លឺនេះបន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់លោក ឆាយ ហាក់ឡុង អធិការ ស្រុកអង្គរធំ ដើម្បីចុះធ្វើការស្រាវជ្រាវ ដែលលទ្ធផលទទួលបាន មានដូចខាងក្រោម៖
ជាក់ស្ដែងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៦ នឹង ០០នាទី គាត់បានដើរទៅរកបេះផ្សិត នៅចំណុចខាងកើត ពុទ្ធមណ្ឌលវិបស្សនា ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោយពេល ដើររកផ្សិតនៅក្នុងព្រៃអស់រយៈពេល ០១ ម៉ោង មិនបានផ្សិតក៏ដើរត្រឡប់មកវិញតាមផ្លូវពុទ្ធមណ្ឌលវិបស្សនា ពេលមក ដល់ចំណុចទីតាំងចំការឬស្សីរបស់ឈ្មោះ ជា លក្ខណា គាត់ក៏ចូលទៅក្នុងទីនោះ ដោយមិនបានប្រាប់ម្ចាស់ចំការ ឬអ្នក ណានោះទេ ហើយបានរុកចូលតាមរបងលួស ពីទិសខាងកើត ពេលចូលទៅដល់ក្នុងចំការបានធ្វើសកម្មភាពកាច់ទំពាំង ឬស្សី ចំនួន ០៤ រួចក៏ច្រកចូលក្នុងស្បោង ដែលគាត់ដាក់ទៅក្នុងគោលបំណងទុកដាក់ផ្សិត ពេលច្រកទំពាំងក្នុងស្បោងរួច គាត់ក៏បានលឺសំលេងមនុស្សស្រែកបន្លាច មកពីទិសខាងលិច គាត់ងាកមើលឃើញឈ្មោះ ជឹម ភេទប្រុស ជាអ្នក មើលចំការ និងជាអ្នកជិតខាងនិងគ្នា តែមិនបាននិយាយអ្វីជាមួយគ្នាទេ ហើយបានកាន់ទំពាំងដែលកាច់បាននោះ បន្តយក ចេញមកក្រៅតាមច្រកដែលគាត់រុកចូល ពេលយកមកដល់ផ្ទះ បានយកទំពាំងមកចិតដើម្បីស្លរហូប ពេលចិតទំពាំងបាន ចំនួន ០២ ឈ្មោះ ជា លក្ខណា បានទៅទាន់ដល់ផ្ទះហើយស្ដីបន្ទោសគាត់យ៉ាងខ្លាំង និងបានយកទូរស័ព្ទ មកថតគាត់ ជាវីដេអូ សកម្មភាពកំពុងចិតទំពាំង រួចហើយនាំគាត់ទៅធ្វើត្រាប់ និងថតជាវីដេអូសកម្មភាពចូលទៅលួចកាច់ទំពាំង បន្ទាប់មកទៀតបាននាំគាត់មកផ្ទះមេភូមិ ដើម្បីរាយការណ៍ប្រាប់ពីសកម្មភាពទាំងអស់ដែលគាត់បានប្រព្រឹត្ត ហើយបាន ណែនាំដោយផ្ទាល់មាត់ មិនឱ្យលួចទំពាំងទៅថ្ងៃមុខទៀតទេ ក្រោយពីណែនាំរួចមេភូមិក៏បានអនុញ្ញាតឱ្យគាត់ត្រឡប់ទៅ ផ្ទះវិញ។
លុះនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ០០នាទី កម្លាំងជំនាញព្រហ្មទណ្ឌសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំលាងដៃ និងឈ្មោះ ប៊ុន យាន ភេទប្រុស ដែលជាមេភូមិបំពេញរាជ្យ បានចុះទៅដល់ផ្ទះ របស់ឈ្មោះ សោម សៀន និងធ្វើការបំភ្លឺ គាត់បានប្រាប់ឱ្យយើងដឹងថាបច្ចុប្បន្នគាត់ជាអ្នករស់នៅភូមិបំពេញរាជ្យ ឃុំ លាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មុខរបរ (គ្មាន) ។ នៅថ្ងៃដដែលភាគីទាំងសងខាងបានយល់ព្រមសម្របសម្រួល បញ្ចប់រឿងនៅរដ្ឋបាលឃុំលាងដៃ ដោយមានការចូលរួម ពីសមត្ថកិច្ចមូលដ្ឋានផងដែរ៕