ឃាត់ខ្លួនជនសង្ស័យជាជនចិន និងខ្មែរ ០៤នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាបន្ដបន្ទាប់ ដោយឃាត់ខ្លួនបានជនសង្ស័យ​ចំនួន ០៤នាក់ ជាជនជាតិចិន និងខ្មែរ។ នេះ​បើតាមអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២៣។

បើតាមអគ្គស្នងការនគរបាលជាតិ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២៣ ដោយបានឃាត់ខ្លួនជនសង្ស័យ​ចំនួន ០៤នាក់ (ជនជាតិចិនចំនួន ៣នាក់ និងជនជាតិខ្មែរ ១នាក់) និងដកហូតវត្ថុតាងមួយចំនួន។

នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ មាន ១/ ឈ្មោះ YANG FAMENG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ, ២/ ឈ្មោះ WU GUIZHE ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ, ៣/ ឈ្មោះ SHEN GUANG FENG ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ, ៤/ ឈ្មោះ ដួង រដ្ឋា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងជាសារធាតុញៀនរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់ ២០៨,៩៥ក្រាម (ទម្ងន់សុទ្ធ) សារធាតុញៀនប្រភេទកេតាមីន (K) ទម្ងន់ ៩៨,១៣ ក្រាម (ទម្ងន់សុទ្ធ) .សារធាតុញៀនប្រភេទអុិចស្តាសុី (MDMA) ទម្ងន់ ២០,២០ ក្រាម (ទម្ងន់សុទ្ធ) សារធាតុញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ៩,១៦ក្រាម (ទម្ងន់សុទ្ធ)និង កញ្ឆាក្រៀម ទម្ងន់ ០,៨២ ក្រាម (ទម្ងន់សុទ្ធ)។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ ៕