នគរបាលស្រុកបវេលនាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់១៦នាក់ មកអប់រំណែនាំ

បាត់ដំបង ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (បៀរ៥២សន្លឹក) ០១លើក នៅចំណុចភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ១៦នាក់ ។ ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង១៦នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕