ស្ត្រីនគរបាលម្នាក់បាញ់សម្លាប់ខ្លួនដោយបន្សល់ទុកបណ្តាំចុងក្រោយ

ភ្នំពេញ ៖ ស្ត្រីម្នាក់ជាមន្ត្រីនគរបាលផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ មានឈ្មោះ វី ស្រីវ៉ែន ភេទស្រី អាយុ២១ឆ្នាំ អត្តលេខ 91377 បានយកកាំភ្លើងបាញ់សម្លាប់ខ្លួន ដោយបន្សល់ទុកនូវបណ្តាំចុងក្រោយមួយច្បាប់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងលិខិតបណ្តាំចុងក្រោយរបស់ស្ត្រីនគរបាលរូបនោះសរសេរថារៀបរាប់ថា៖ “កូនសូមទោសប៉ាម៉ាក់ កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកាំភ្លើងនេះកូនខ្ចីពីបងអូន គេមិនជាប់ពាក់ព័ន្ធទេ យកកាំភ្លើងឲ្យគាត់វិញផង កូមសូមទោសហើយ មិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឲ្យអស់លុយ កូនលាហើយប៉ាម៉ាក់ជាមនុស្ស លាប្អូនទាំង៤នាក់ កុង ចៅសូមទោស គ្មានអ្នកណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង”។

នៅក្រោយករណីខាងលើកើតឡើងភ្លាម សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញបាន ចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ទោះជាក្នុងបណ្តាំកុំឲ្យធ្វើបុណ្យក៏ដោយ ៕