ភ្នំពេញ៖ ដោយមានការចាត់តាំង លោក កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ នៅថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារអធិការកិច្ចការនៃក្រសួងយុតិ្តធម៌ ដឹកនាំដោយលោក ឡុង នរិន្ទ រដ្ឋលេខាធិការ និងលោក អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញអធិការកិច្ច បានបន្តធ្វើអធិការកិច្ច ស្រាវជ្រាវលើករណីរំលោភយកដីផ្លូវសាធារណ:មួយកន្លែងស្ថិតនៅផ្លូវលេខ ១៤៤ ក្រុម ៤៨ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រុមការងារអធិការកិច្ចបានធ្វើការអញ្ជើញភាគីលោកស្រី ហាំ លក្ខិណា ដែលបានអះអាងថាខ្លួនទទួលរងនូវភាពអយុត្តិធម៌ចំពោះករណីនេះ និងអញ្ជើញភាគីម្ខាងទៀត រួមមានលោកស្រី ទី សុកលាង និងលោកស្រី ឃឹម ចិន្តា ព្រមទាំងក្រុមគ្រួសារ សាក្សីមួយចំនួនទៀត មកធ្វើការបំភ្លឺនៅទីស្តីការក្រសួងយុត្តិធម៌ ក្រុមការងារអធិការកិច្ចក្រសួងយុត្តិធម៌ បាន និងកំពុងប្រមូលព័តមាន ឯកសារពាក់ព័ន្ធនឹងដំណើររឿងខាងលើ ដើម្បីរៀបចំជារបាយការណ៍ គោរពជូនលោករដ្ឋមន្ត្រី ពិនិត្យ និងស្នើសុំផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់៕