ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវសាវតា លើហ្វេសប៊ុកឈ្មោះ Ra Vuth ដែលបានបង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ញុះញង់បង្ករឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម អំពីការចាប់ក្មេងវះក្រលៀន។ នេះបើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅយប់ថ្ងៃទី៣០ ខែឧសភានេះ។
ក្រោយពេលស្រាវជ្រាវ កម្លាំងសមត្ថកិច្ច ក៏បាន នាំខ្លួនបុគ្គលឈ្មោះ សយ រ៉ាវុធ មកសាកសួរ ហើយសាមីខ្លួនបានសារភាពថាខ្លួនពិតជាបានយកវីដេអូ មកកាត់ត និងបង្ហោះពិតមែនក្នុងគោលបំណងចង់បង្កើនប្រជាប្រិយភាពទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ បច្ចុប្បន្ននាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានបាន ក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម មេត្តាសូមកុំចែកចាយព័ត៌មានក្លែងក្លាយដើម្បីជៀសវាងបង្កការយល់ច្រឡំ និងបង្កអសន្តិសុខសង្គមផ្សេងៗ ឈានដល់ការទទួលខុសត្រូវតាមផ្លូវច្បាប់៕