ឥទ្ធិពលនៃគ្រឿងស្រវឹង ! បុរសម្នាក់បើករថយន្តបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតរថយន្ត ៣គ្រឿង និងសំយាបផ្ទះទាំងស្រុងនៅក្រុងសៀមរាប

សៀមរាប ៖ ដោយសារតែ ផឹកស្រាស្រវឹងជោគជាំ បុរសបានម្នាក់បើករថយន្តមួយគ្រឿង បុករះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតរថយន្តចំនួន ៣គ្រឿង និងសំយាបផ្ទះទាំងស្រុង កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចសាលាបង្រៀនបើកបរសុវត្ថិភាព តាមបណ្តោយផ្លូវហ៊ុន សែន សន្តិភាព ក្រវ៉ាត់ ក្រុង ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពពីកន្លែងកើតហេតុ ឱ្យដឹងថា មុនពេលកើតហេតុ ខណៈគាត់កំពុងលក់ដូរយកទឹកសុទ្ធ និង ស្រាបៀរឱ្យអ្នកទិញ ស្រាប់តែឃើញរថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ស បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង ពេលនោះក៏រ៉េចង្កូតចូលទៅខាងឆ្វេងដៃ បុ.កសរសេរសំយាបផ្ទះប្រជាពលរដ្ឋបាក់ខ្ទេចខ្ទី ហើយទៅបុ.ករថយន្តកាមរី ពណ៌ខ្មៅ កំពុងចតទុក នៅមុខផ្ទះ បែរក្បាលទៅលិច ។

ប្រភពដដែលនេះបន្តថា ពេលនោះស្រាប់តែបុកផាំង វិលឡានបែរក្បាលមកត្បូងវិញ រួចបុ.ក រានទេវតាបាក់ជា២កំណាត់ ជើងនៅក្រោម ក្បាលនៅលើឡានកាមរី រួចបុ.កបន្តទៅរថយន្តហ្វតរ៉ាប់ទ័រ តម្លៃជាង៨ម៉ឺនដុល្លារ ហើយរថយន្តហ្វតរ៉ាប់ទ័រនោះ រុញបុកខ្ទេចមួយចំហៀងខាងឆ្វេង រថយន្ត ឡិចស៊ីស៣០០ ពណ៌ខ្មៅ ដែលចតទុក នៅមុខផ្ទះលក់ចំណីសត្វគ្រប់ប្រភេទ។

បើតាមសមត្ថកិច្ចខេត្តសៀមរាប រថយន្តម៉ាក កាមរី ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ សៀមរាប 2B-4032 មានម្ចាស់ឈ្មោះ ងួន ហ៌ួត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និង រថយន្ត FORD ពណ៌ខ្មៅ ផ្លាកលេខ Cambodia Kimsour7 និង រថយន្ត LUXES RX300 ពណ៌ខ្មៅ ផ្លាកលេខ 2N-0016 ភ្នំពេញ មានម្ចាស់ឈ្មោះ គោម ហួត ភេទប្រុស អាយុ៦៨ ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបរម៉ាករថយន្តឡិចស៊ីស ពាក់ផ្លាកលេខ សៀមរាប ២B.៥៤៩១ បើកបរក្នុងស្ថានភាពស្រវឹង (រកឃើញមានជាតិអាកុលមានចំនួន 0,៥៦mg,l) បានបុករថយន្តម៉ាកកាមរី ស៊េរីឆ្នាំ១៩៩៥ បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ ។ រថយន្តឡិចស៊ីស ខូចខាតមធ្យម។

រីឯ រថយន្តFord rapter ខូចខាតធ្ងន់ និងខូចខាតសំយ៉ាបផ្ទះនិងរបងផ្ទះទាំងស្រុង តែពុំមានមនុស្សណាម្នាក់រងរបួសទេ។ បន្ទាប់មកធ្វើការវាស់វែងនិងបញ្ជូនសំណុំរឿងទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំពោះរថយន្ត ដែល រងគ្រោះ ត្រូវបានម្ចាស់ សុំទុករក្សានៅមុខផ្ទះកន្លែងកើតហេតុបណ្តោះអាសន្ន ៕