បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានព្រមានថានឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលប្រឌិតរឿងដែលនាំឲ្យមានចលាចលសង្គម។
ការព្រមានរបស់នគរបាលខេត្តបន្ទាយមានជ័យធ្វើឡើង នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ បន្ទាប់មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងករណីចាប់ក្មេងជាបន្តបន្ទាប់ ហើយក្រោយមក សមត្ថកិច្ចបានចុះស្រាវជ្រាវ បានបង្ហាញថា ជាករណីមិនពិតនោះទេ។
ជាមួយគ្នានេះ អ្នកនាំពាក្យនិងក្រុមការងារប្រតិកម្មរហ័សស្នងការដ្ឋានដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវ ប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសបុក ដែលមិនទាន់ដឹងការពិត គ្មានមូលមូលដ្ឋានច្បាស់លាស់ ផ្សាយមិនពិតគឺជាការបំភ្លៃសក្ខីកម្ម នាំឲ្យខុសច្បាប់ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងធ្វើឲ្យប៉ះពាល់ការប្រឹងប្រែងរបស់នគរបាលជាតិ។
ជាក់ស្តែង កន្លងទៅថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុក និង អ្នកនិយមលេងសង្គមហ្វេសប៊ុក មួយចំនួន បានបង្ហោះ ផ្សព្វផ្សាយចែកចាយពត៌មានថា នារីលក់នំកៅឡាន នៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ត្រូវបានជនមិនស្គាល់មុខ ចាប់ញាត់រថយន្តរួចដឹកយកទៅបាត់។
ទន្ទឹមគ្នានេះ នៅខេត្តបន្ទាយមានជ័យ ក៏មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Maly kubota កាលពីថ្ងៃទី១៩.០៥.២០២៣ វេលាម៉ោង ១៤:៣០នាទី បានបង្ហោះសារថា “មានក្មេងប្រុសមួយក្រុមជិះឡានម៉ាកលុចស៊ីសនិងហាយឡែនឌ័រពណ៌ទឹកប្រាក់ បានចាប់ក្មួយស្រីរបស់ខ្ញុំឡើងឡានកំពុងតែអង្គុយលក់ក្រឡាន នៅបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅប្រហែលទៅផ្លូវប៉ោយប៉ែត ។ សូមបងៗប៉ូលិសជួយចាប់និងធ្វើអន្តរាគមន៍ផង”។
អ្នកនាំពាក្យ និង ក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសច្រានចោលទាំងស្រុង រាល់ការចុះផ្សាយពត៌មានខាងលើ ក្រោយទទួលបានពត៌មានខាងលើ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំបញ្ជាកម្លាំងផែនជំនាញព្រហ្មទណ្ឌ កម្លាំងអធិការនគរបាលស្រុកមង្គលបុរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ បានបើកការស៉ើបអង្គេត និងស្រាវជ្រាវ លទ្ធផលបានបង្ហាញថា ពត៌ខាងលើគឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន ប្រភពច្បាស់លាស់ ជាព័ត៌មានបំពុលសង្គម។
ពាក់ព័ន្ធករណីខាងលើ លោកស្រី ឆប គឹមឡាង ដែលត្រូវជាម្ដាយកូនស្រីដែលបានបាត់ខ្លួន បានចេញមុខអះអាងថា ពុំមានករណីជនណាចាប់ជម្រិតឬចាប់កូនគាត់ទេ នេះគឺជារឿងស្នេហារបស់កូនៗគាត់ប៉ុណ្ណោះ សូមសាធារណជនកុំមានការយល់ច្រឡំ។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ នារីដែលគេផ្សាយពត៌មានថា បាត់ខ្លួននោះបានចេញមុខបំភ្លឺថា នាងមានឈ្មោះ ខ្នួច ស៊ីមាន ភេទ ស្រី អាយុ ១៩ ឆ្នាំ នៅ ភូមិ ពោធិរៀង ឃុំ អូរប្រាសាទ ស្រុកមង្គលបូរី កាលពីរថ្ងៃទី ១៩ ,០៥ ,២០២៣ វេលាម៉ោង១៦,៣០នាទីខ្លួនបានអង្គុយលក់ក្រឡាននៅមុខសាលាឃុំ បន្ទាយនាងក្រោយមកខ្លួនបានឡើងឡានទៅជាមួយឈ្មោះ សុខ វណ្ណះ ហៅប៉ែតអាយុ២៨ឆ្នាំ នៅភូមិ ប្រជាធម្មលិច សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ដោយគ្មានការបង្ខិតបង្ខំ រឺ ចាប់ជំរិតទេពីរព្រោះខ្លួននិងឈ្មោះ សុខវណ្ណះហៅប៉ែតនេះបានស្រឡាញ់គ្នាយូរមកហើយ គឺពួកគេទៅដើរលេងជាមួយគ្នាតែប៉ុណ្ណោះ៕