ពលរដ្ឋរិះគន់អាជ្ញាធរខេត្តកំពតចំពោះការមិនដោះស្រាយការបង្ហូរលូទឹកស្អុយចូលទៅក្នុងព្រែកកំពត

កំពត៖ ពលរដ្ឋអ្នកលេងបណ្តាញសង្គមហ្វេសបុក បានរិះគន់អាជ្ញាធរពាក់ព័ន្ធនៅខេត្តកំពត ដែលមិនបានដោះស្រាយការបង្ហូរលូទឹកស្អុយចូលទៅក្នុងព្រែកកំពត ឱ្យមានប្រសិទ្ធិភាព និងធ្វើឱ្យមានធុំខក្លិនស្អុយ ខណៈការរៀបចំឆ្នេរកំសាន្តតាមព្រែកបានល្អហើយនោះ។

អ្នកលេងបណ្តាញសង្គម ដែលកាន់គណនីហ្វេស Sidavine Sun បានឱ្យដឹងថា «មិនហ៊ានផុសពេលស៊ីហ្គេម ខ្លាចគេថាវៃប្រហារការរៀបចំរបស់អាជ្ញាធរ ខ្ញុំគ្មានពាក្យរិះគន់ទេ មានតែពាក្យសរសើរលើកទឹកចិត្ត ព្រោះខ្ញុំពិតជាគិតថាពួកគាត់ធ្វើបានល្អណាស់»។

គណនីដដែលនេះបន្តថា«តែខ្ញុំគ្រាន់តែឆ្ងល់ថាហេតុអ្វីនៅតែគ្មានដំណោះស្រាយការបង្ហូរលូទឹកស្អុយចូលទៅក្នុងព្រែកកំពត? ការរៀបចំឆ្នេរកំសាន្តតាមព្រែកកំពតពិតជាធ្វើបានល្អ ទាស់តែត្រង់លូទឹកស្អុយហ្នឹងតែម្តង»។

គណនីដដែលនេះបន្ថែមថា «ពីក្មេង ខ្ញុំធ្លាប់ងូតទឹកព្រែកនេះស្ទើរតែរាល់ថ្ងៃ ឥឡូវកុំថាតែលាងជើងក៏មិនចង់ហ៊ានផង។ ថ្ងៃស៊ីហ្គេម ប្រណាំងទូកនៅខាងត្បូងវេទិការគណកម្មការ ចំហាយស្អុយខ្លាំងជះមកលើអ្នកមកមើលប្រណាំងទូក ខ្ញុំលឺជនបរទេសមួយចំនួនសម្តែងពាក្យសោកស្តាយថា ព្រែកដ៏ស្រស់ស្អាតដែលគួរអោយចង់ហែលតែមិនអាចហែលបាន»។

ប្រភពដដែលនេះបញ្ជាក់ទៀតថា «ល្ងាចឡើង ដើរលេងតាមមាត់ព្រែកស្រូបខ្យល់បរិសុទ្ធលែងបាន ធុំខ្លិនតែលូ។ នេះជាសម្តីប្រជាពលរដ្ឋម្នាក់តែប៉ុណ្ណោះ ខ្ញុំអត់មានបក្សណាទេ មិនដែលទៅបោះឆ្នោតផង »។ បញ្ជាក់៖ លូទឹកស្អុយមានច្រើនកន្លែងតាមបណ្តោយឆ្នេរខាងកើតព្រែក ឯខាងលិចមិនបាច់និយាយទេ កាន់តែយ៉ាប់ សឹងតែគ្រប់ផ្ទះបង្ហូរចូលទាំងអស់។ ខែវស្សាហូរទៅសមុទ្រ ខែប្រាំងហូរទៅទឹកឈូរ បែកវ៉ល់ពេញហ្នឹង អ្នកដើរលេងរកតែរីស៊តតាមមាត់ព្រែក ហក់ទឹកព្រោងៗ ចាបាយមាំហាស់ ខ្ញុំចង់ចាបាយដែរ តែទៅអត់រួច»៕