រកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងបន្ថែមទៀត ប្រកបអាជីវកម្មមិនសុចរិត ក្នុងចំណោម ដេប៉ូប្រេងឥន្ធនៈចំនួន ៣៧ទីតាំង

ភ្នំពេញ៖ ក្នុងរយៈពេល១សប្តាហ៍ មន្ត្រី ក.ប.ប. បានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងបន្ថែមទៀត ដែលប្រកបអាជីវកម្មមិនសុចរិត ក្នុងចំណោម ដេប៉ូប្រេងឥន្ធនៈចំនួន ៣៧ទីតាំងដែលបានត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ។

អនុលោមតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. បន្តអនុវត្តភារកិច្ចរបស់ខ្លួន ជាពិសេសការអនុវត្តខ្លឹមសារនៃច្បាប់ ពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈ។ ជាក់ស្តែងចាប់ពីថ្ងៃទី១៧-២២ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកំពង់ស្ពឺ កំពង់ធំ ប៉ៃលិន សៀមរាប និងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបបានចំនួន៣៧ទីតាំង តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch) ដែលឧបករណ៍នេះតែងតែបានធ្វើការផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវ(ព្យាសកម្ម) ពីមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ។

យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ បានរកឃើញថាមានដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំង ប្រកបអាជីវកម្មមិនសុចរិត តាមរយៈចេតនាកេងបន្លំចំនួនលីត្រពីដៃបាញ់ប្រេងឥន្ធនៈ។ ម្ចាស់ដេប៉ូទាំងនោះត្រូវបានមន្ត្រី ក.ប.ប ចាត់វិធានការតាមនីតិវិធីផងដែរ៕