រតនគិរី៖ កាលពីវេលាម៉ោងប្រហែល ៣ៈ០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ មានករណី មនុស្សឃាដដោយអចេតនា(បង្កដោយអាវុធ)នៅចំនុចក្នុងព្រៃក្រុមហ៑ុនម៉ាងយ៉ាង ស្ថិតនៅឃុំភ្នំកុក ស្រុកវុឺនសៃ ខេត្តរតនគិរីបណ្តាលឱ្យស្លាប់មនុស្ស០១នាក់។ នេះបើតាមរបាយការណ៍ការិយាលយ័បច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ ។
របាយការណ៍នេះបន្តថា ជនសង្សយ័មាន០១នាក់ឈ្មោះ ពក់ ធឿន ភេទប្រុស អាយុ២០ ឆ្នាំជនជាតិខ្មែរដើមគ្រឹងមុខរបរកសិកររស់នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។ រីឯជនរងគ្រោះមាន០១នាក់ ឈ្មោះ ទិន កិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរដើមគ្រឹង មុខរបរកសិកររស់នៅភូមិធួយអំពិល ឃុំចាអ៑ុង ស្រុកអូរជុំ ខេត្តរតនគិរី។
របាយការណ៍បន្ថែមថាកាលពីវេលាម៉ោង១២ៈ៣០នាទីយប់ឈានចូល ថ្ងៃទី២៣ ខែឧសភា ២០២៣ ជនរងគ្រោះ បានបបួលជនសង្ស័យទៅរកបាញ់សត្វ នៅចំណុចព្រៃក្បែរក្រុមហ៑ុនម៉ាងយ៉ាង ឃុំភ្នំកុក ស្រុកវុឺនសៃ ខេត្តរតនគិរី។
ទៅដល់ទីនោះជនសង្ស័យក៍បានអោយជនរងគ្រោះនៅអង្គុយចាំម៉ូតូ។ជនសង្ស័យបានចុះតាមអូរទៅរកបាញ់សត្វ ពេលនោះជនសង្ស័យឆ្លុះភ្លើងកូបពិល ក្រវីចុះឡើងក៏ឃើញភ្នែកជនរងគ្រោះ ស្មានតែភ្នែកសត្វក៍បានលើកកាំភ្លើងបាញ់តែម្តងបន្ទាប់មកក៏ឮសំលេងស្រែកអូយ ជនសង្ស័យបានរត់ទៅមើលឃើញ ជនរងគ្រោះត្រូវរបួសចំស្មារខាងឆ្វេង ហើយជនសង្ស័យក៍បានយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។ ពេលនោះគ្រូពេទ្យក៏បានលាងនិងដេរចំនួន៣ថ្នេររួចក៏រុំរបួសនោះកុំឲ្យចេញឈាម។
យោងតាមការបញ្ជាក់របស់គ្រូពេទ្យឲ្យដឹងថា ពេលលាងរបួសឃើញមានឈាមហូរចេញពីក្នុងពណ៌ខ្មៅ មិនដឹងថាត្រូវរបួសដោយសាអ្វី។មួយសន្ទុះក្រោយមកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។ ដោយឡែក បើយោងតាមការពិនិត្យកន្លែងកើតហេតុ.និងចម្លើយសារភាពរបស់ជនសង្ស័យ គឺពីកន្លែងឈរបាញ់មកកន្លែងជនរងគ្រោះ មានសភាពដីជំរៀលអូរ បាញ់ពីក្រោមរាងបញ្ឆិតឡើងលើ។
យោងតាមការពិនិត្យសាកសព ខាងលើ សមត្ថកិច្ច សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាការបង្កឡើងដោយគ្រាប់កាំភ្លើង ត្រូវរយ៉ះសាច់និងបែកឆ្អឹង ហូរឈាមច្រើន បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។ បន្ទាប់ពីកិច្ចប្រតិបត្តិការណ៍ចប់ សមត្ថកិច្ច បានធ្វើកំណត់ហេតុជូនក្រុមគ្រូសារដើម្បីចាត់ចែងតាមប្រពៃណី។ ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូត វត្ថុតាងមានអាវុធAK47០១ដើមយកបានពីកន្លែងកើតហេតុក្នុងព្រៃសង្ស័យជា(អាវុធបង្កហេតុ)៕