បន្ទាយមានជ័យ: កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានស្ទាក់ឃាត់អ្នកបើកបរម្នាក់បើកបរមិនគោរពច្បាប់ និងរថយន្ត១គ្រឿង មានការកែច្នៃបំពង់ស៊ីម៉ាំង ផ្សែង លាន់លឺសំលេងខ្លាំង នាំឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ និងបានឃាត់អ្នកបើកបរយកមកអប់រំអំពីច្បាប់ចរាចរណ៍។
ការឃាត់អ្នកបើកបរខាងលើនេះ ធ្វើឡើងដោយ អនុវត្តន៍តាមការណែនាំបទបញ្ជារបស់ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨និង៣០នាទីនៅចំនុចមុខកន្លែងលាងរថយន្តប្រណិត ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ៍។
ស្នងការនគបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ម្ចាស់រថយន្តដែលបើបររថយន្តកែច្នៃបំពង់ស៊ីម៉ាំងប្រែន មានឈ្មោះ ឈ្មោះ សន រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុង សិរីសោភណ៍ ខេត្តបន្ទាយមានជ័យ។ បើកបររថយន្ត រថយន្ត ម៉ាកToyoTa corola ណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2A-2632 ផលិតឆ្នាំ១៩៩៣។
ប្រភពដដែលនេះបន្តថា ការឃាត់រថយន្តនិងម្ចាស់ខាងលើមកអប់រំគឺសមត្ថកិច្ចយើងធ្វើឡើង ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យ របស់យុវជនដែលប្រើប្រាស់រថយន្ត ការកែច្នៃបំពង់ស៊ីម៉ាំង រថយន្តលាន់លឺសំលេងខ្លាំងនេះគឺ ធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងសុខភាព រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចែងក្នុងអនុក្រឹត្យលេខ៣៩ អនក្រ.ប.ក ចុះថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០២០មាត្រា៧ ត្រង់ចំនុច៣ (ខ)-រថយន្តធុនស្រាលពិន័យទឹកប្រាក់ ១៥០.០០០ រៀល -រថយន្តធុនធ្ងន់ពិន័យទឹកប្រាក់ ៣០០.០០០ រៀល៕