កីឡាការិនី ស្រួង ភាវី នឹងឡើងយន្តហោះ ទៅកូរ៉េវិញរាត្រីនេះ

ភ្នំពេញ ៖ សារយ៉ាងខ្លីតែមានន័យជ្រៅរបស់កីឡាការិនី ស្រួង ភាវី ហាក់មិនចង់ឃ្លាតពីស្រុកកំណើតទៅ រស់នៅកូរ៉េវិញ ក្រោយបានបំពេញបេសកម្មជនជាតិ និងបំពេញការងារមនុស្សធម៌តាមរយៈ អង្គការរបស់ខ្លួននៅកម្ពុជារួចមក កីឡាការិនីផ្នែកស្នុកឃ័រ ឬហៅបុកប៊ីយែរនេះ នឹងត្រូវចាក ឆ្ងាយពីកម្ពុជា នារាត្រីថ្ងៃ១៩ ឧសភានេះហើយ។

តាមរយៈសារខ្លីបង្ហាញក្នុងហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃព្រឹកថ្ងៃ១៩ ឧសភា អ្នកនាងកីឡាការិនីរូបស្រស់នេះបានថ្លែងថា “ថ្ងៃនេះខ្ញុំឡើងព្រលានយន្តហោះពេលយប់ លាហើយមាតុភូមិជាទីស្រលាញ់របស់ខ្ញុំទោះខ្ញុំនៅទីណា អ្នកនៅទីនោះ សូមអរគុណគ្រប់យ៉ាងដែលបានផ្ដល់ក្ដីស្រឡាញ់ដ៏មហិមារបស់របស់អ្នកដល់អ្នកស្នេហាជាតិកីឡា ស្មារក្តីប្រជាជាតិកម្ពុជា ។ អរគុណណាស់ប្រជាជនកម្ពុជារបស់ខ្ញុំ”។

សូមបញ្ជាក់ថា អ្នកនាងស្រួង ភារី មានស្វាមីជាជនជាតិកូរ៉េ គឺជាកីឡាការិនីផ្នែកស្នុកឃ័រលំដាប់ ថ្នាក់ពិភពលោក ហើយអ្នកនាងក្នុងនាមតំណាងកម្ពុជាបានចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជាដោយទទួលបានមេដាយមាស២គ្រឿង និងប្រាក់មួយគ្រឿង ៕