ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលិខិតអំពាវនាវដល់ អ្នកលេង បណ្តាញសង្គម និងអ្នកផលិតមាតិកាសង្គម មេត្តាចៀសវាង ការបង្ហោះ ឬចែកចាយនូវការសម្តែង ឬរឿងមិនពិតមន្ត្រីឥណទាន ឬ co(Credit Officer) ដែលអាចបង្កជារូបភាពអវិជ្ជមានដល់វិស័យ ហិរញ្ញវត្ថុ។
ការចេញលិខិតអំពាវនាវនេះ ធ្វើឡើង នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ បន្ទាប់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កេតឃើញជាញឹកញាប់នូវការផ្សព្វផ្សាយដោយយក ប្រធានបទមន្ត្រីឥណទាន ឬ co(Credit Officer) និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និង ហិរញ្ញវត្ថុ ធ្វើជាកម្មវត្ថុនៃវីដេអូកំប្លុកកំប្លែង ជារូបភាពបន្ទុះបង្អាប់ ប្រាសចាកពីការពិត នៅតាមបណ្តាញ ផ្សព្វផ្សាយមួយចំនួន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គម។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់ថា ការសម្តែងទាំងនោះត្រូវបានយកទៅ កាត់តខ្លីៗនិងចែករំលែកបន្តគ្នាដែលធ្វើឱ្យមានការយល់ច្រលំថាជារឿងពិត។ ការសម្ដែងមួយចំនួន គឺ ប្រាសចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុ។ សមាគម សូមសម្ដែងការសោកស្តាយ និងមានការព្រួយបារម្ភចំពោះការ ផ្សព្វផ្សាយប្រាសចាកពីការពិតទាំងនោះ។
ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូហិរញ្ញវត្ថុមិនអាច ខ្វះបានសម្រាប់ប្រជាជនកម្ពុជា។ ការបំផុសនូវមាតិកាដោយខ្វះការយល់ដឹងពីវិស័យហួសពីការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋងាកទៅបើ ប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជន។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអំពាវនាវម្ចាស់បណ្តាញសង្គម និងអ្នកផលិតមាតិកាសង្គម មេត្តាចៀសវាង ការបង្ហោះ ឬចែកចាយនូវការសម្តែង ឬរឿងមិនពិត ដែលអាចបង្កជារូបភាពអវិជ្ជមានដល់វិស័យ ហិរញ្ញវត្ថុ។ សមាគមពិតជាជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងម្ចាស់បណ្តាញសង្គម នឹងចូលរួមជាមួយសមាគមក្នុងការពង្រឹងវិស័យដ៏សំខាន់មួយនេះ៕