Update ៖ ឆ្លងចរន្តឆេះផ្ទះស្តុកឥវ៉ាន់អស់២ខ្នង ក្នុងខណ្ឌទួលគោក

ភ្នំពេញ: ឆ្លងចរន្តអគ្គិសនី ឆាបឆេះរាលដាលផ្ទះស្តុកឥវ៉ាន់ (កំរាលពូកខ្នេីយ) អស់ចំនួន២ខ្នង ព្រមទាំងសម្ភារៈមួយចំនួនធំ បានរងការខូចខាត កាលពីវេលាម៉ោង ២០នឹង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៤៨ នឹង ផ្ទះលេខ៥០ តាមបណ្តោយផ្លូវលេខ២០២ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានផ្សែង លាយឡំជាមួយអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះខាងលើ ហើយពេលនោះ អណ្ដាតភ្លើងឆេះលឿនបានរាលដាលឆ្លងឆេះផ្ទះមួយខ្នងទៀត ភ្លាមនោះរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានមកដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែដោយសារស្ថានភាពភ្លើងឆេះលឿន ថែមទាំងមានខ្យល់បក់ខ្លាំង ដែលជាហេតុមិនអាចគ្រប់គ្រងស្ថានការណ៏បាន។

អគ្គិភ័យនេះបានប្រើប្រាស់រថយន្ដទឹកអស់ចំនួន ៣២គ្រឿង ដោយក្នុងនោះមានរថយន្ត អគ្គីភ័យ របស់ការិយាល័យ បង្កាពន្លត់អគ្គីភ័យ និង សង្គ្រោះ ចំនួន ២២គ្រឿង ,រថយន្តកងរាជអាវុធហត្ថចំនួន ០២គ្រឿង, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ,រថយន្តខណ្ឌជ្រោយចង្វារចំនួន ០៥គ្រឿង និងរថយន្តអូឡាំងព្យាចំនួន ០២គ្រឿង ទើបអាចគ្រប់គ្រងស្ថានការជាស្ថាពរ និង មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត៕