លោក រស់ សារ៉ុម សុំទោសលោកស្រី ហ៊ុន ស៊ីណាត

ភ្នំពេញ៖លោក រស់ សារ៉ុម បានសរសេរលិខិតសុំទោសជាសាធារណៈ ចំពោះលោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតរបស់សម្តេច ហ៊ុន សែន និងអ្នកពាក់ព័ន្ឋ និងយល់ព្រម លុបចោលការសរសេរបង្ហោះកាលពីថ្ងៃទី២២ មេសា ឆ្នាំ២០២៣ ។

ការសុំទោសរបស់លោក រស់ សារ៉ុម ធ្វើឡើងបន្ទាប់ពីមេធាវីរបស់លោកស្រី ហ៊ុន ស៊ីណាត គឺលោកស្រី មេធាវី ហង្ស ផារ៉ាឌី ប្រាប់ទៅលោក រស់ សារ៉ុមដែលម្ចាស់គណនីហ្វេសប៊ុកផេកដែលមានឈ្មោះ “Rous Sarom” និងតម្រូវ ឱ្យម្ចាស់គណនីខាងលើនេះ ធ្វើការសុំទោសជាសាធារណៈ និងលុបចោលនូវការសរសេរបង្ហោះ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដែលបានបរិហាកេរ្តិ៍ និងជេរប្រមាថជាសាធារណៈមក លើកូនក្តីរបស់លោកស្រី ។

ក្នុងលិខិតសុំទោសជាសាធារណៈ របស់លោក រស់ សារ៉ុម កាលពីយប់ថ្ងៃទី ២៣ ខែមេសា សរសេរថា «ខ្ញុំបាទ រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និង ម្ចាស់ហ្វេសប៊ុកផេក Rous Sarom សូមជម្រាបជូនលោកស្រីជ្រាបថា ខ្ញុំបាទ បានទទួលរួចហើយនៅលិខិតជូន ដំណឹងរបស់លោកស្រី ជាមេធាវីតំណាងលោកជំទាវ ហ៊ុន ស៊ីណាត ហើយខ្ញុំបាទយល់ព្រមទទួលនូវកំហុសឆ្គងដ៏ធំ ធេងនេះ ចំពោះលោកជំទាវ ហ៊ុន ស៊ីណាត និងអ្នកពាក់ព័ន្ឋមួយចំនួនទៀត» ។

ក្នុងលិខិត ស្រីមេធាវី ហង្ស ផារ៉ាឌី ដែលជាមេធាវីការពារសិទ្ធិ និងជាមេធាវីតំណាងដោយអាណត្តិ ឱ្យ លោកស្រីហ៊ុន ស៊ីណាត បាន ឱ្យដឹងថា “ខ្ញុំមានរឿងចង់សួរបិសាចមុខគុជ ផែង វណ្ណៈ បច្ចុប្បន្នបានសញ្ញាតិខ្មែរនូវ? ប្រឹងរកយុត្តិធម៌ជូន ខ្មែរណាស់”។ ក្នុងចំណោមបងប្អូនបង្កើតសម្តេចតេជោ ខ្ញុំយល់ថាលោកជំទាវ ហ៊ុន ស៊ីណាត ល្មមសំរាកហើយ សម្តេចតេជោ ដកទំនុកចិត្តប៉ុន្មានដងហើយ នៅតែបានដៃទៀត។ កាងមនុស្សខូចចង្រៃបក្ស សូមសម្តេច តេជោ កុំប្រកាន់ខ្ញុំដែលប៉ះប្អូនសម្តេច ព្រោះលោកជំទាវថ្នាក់ក្រោមល្អៗមិនសូវចូលចិត្ត ជាយោបល់ខ្ញុំប្រយ័ត្ន រងគ្រោះ ដល់យុវជនបន្តវេន . ចង្រៃបក្សមធ្យម ងំចង្រៃជាតិ លោកជំទាវ ហ៊ុន ស៊ីណាត អើយល្មមៗ បានហើយ។ ទុកអោយខ្ញុំដកស្បូវលោកជំទាវ បែបត្រូវមនុស្ស»។

លិខិតនេះបញ្ជាក់ថា «ការសរសេរបង្ហោះខ្លឹមសារខាងលើនេះ គឺចាត់ទុកថាជាអំពើបរិហារកេរ្ដិ៍ជាសាធារណៈ,ជេរ ប្រមាថជាសាធារណៈ និងអំពើញុះញង់ឱ្យមានការរើសអើង ដែលចាត់ទុកថាបានល្មើសនឹងបញ្ញត្តិមាត្រា ៣០៥ ,មាត្រា៣០៧ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដោយការសរសេរនោះចេតនា បំផុសបំផុល ប្រើប្រាស់ពាក្យពេចន៍ ប្រមាថ មាក់ងាយ និងញុះញង់ដល់ប្រជាជនក្នុងប្រទេស និងសមាជិកបក្សអោយធ្វើការរើសអើងមកលើកូនក្ដីនាងខ្ញុំ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ កូនក្តីនាងខ្ញុំ នៅក្នុងសង្គមយ៉ាងធ្ងន់ធ្ងរជាទីបំផុត» ។

លិខិតដដែលបន្ថែមថា៖ «ហេតុដូច្នេះនាងខ្ញុំសូមជូនដំណឹងដល់ ម្ចាស់គណនីហ្វេសប៊ុកផេកដែលមានឈ្មោះ “Rous Sarom ធ្វើការសុំទោសជាសាធារណៈ និងលុបចោលនូវការសរសេរបង្ហោះកាលពីនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដែលប៉ះពាល់ដល់ លោកជំទាវ ហ៊ុន ស៊ីណា ជាបន្ទាន់ក្នុងរយៈពេលមិនឱ្យលើសពី ២៤ (ម្ភៃបួន) ម៉ោង គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ប្រសិនបើមិនមានការលុបចោល និងធ្វើការសុំទោសជាសាធារណៈតាមកាលកំណត់នោះទេ នាងខ្ញុំនឹងបន្តចំណាត់ការចំពោះករណីនេះទៅតាមផ្លូវច្បាប់ជាធរមាន។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមម្ចាស់គណនីហ្វេសប៊ុកផេកដែលមានឈ្មោះ Rous Sarom” ទទួលជ្រាបជាព័ត៌មាន»៕