សម្ដេច ហ៊ុន សែន នឹងទទួលគោរមងារជា “ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក”

ភ្នំពេញ៖ ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូន សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នូវគោរមងារជា “ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិ នាថ្ងៃ២១ មេសា ។

ពិធីប្រារព្ធរៀបចំប្រគល់-ទទួលគោរមងារនេះ នឹងធ្វើឡើងនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រនៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់និងព្រះពុទ្ធសាសនា ៕