ចាប់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធនឹងករណីលួចកាត់ខ្សែភ្លើងពលរដ្ឋនៅស្រុករតនមណ្ឌល

បាត់ដំបង៖​ សមត្ថកិច្ចខេត្តកោះកុង ឱ្យដឹងថា កាលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨និង០៥នាទី នៅចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​ សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល បានទទួលបានពាក្យបណ្ដឹង មានករណីលួច (កាត់ខ្សែភ្លើង) ពីជនរងគ្រោះឈ្មោះ ព្រឹម ស៊ុន ភេទប្រុស អាយុ ៦២ឆ្នាំ​ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្តកិច្ចបន្តថា ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលផ្នែកជំនាញស្រុករតនមណ្ឌល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង ដឹកនាំកម្លាំងដោយលោក​វរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៥០នាទី​ កម្លាំងជំនាញបានកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ ហេង សុខណេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង (អ្នកលួច) និង២.ឈ្មោះ បុិន តាំង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (អ្នកទិញអេតចាយ)។

ករណីខាងលើនេះ​ កម្លាំងនគរបាលស្រុករតនមណ្ឌល បាននាំខ្លួនសង្ស័យទាំង០២នាក់ យកធ្វើការសាកសួរ នៅអធិការដ្ឋានស្រុករតនមណ្ឌល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ព្រឹម ស៊ុន ហើយយកទៅលក់អោយឈ្មោះ បុិន តាំង ភេទប្រុស អាយុ២៨ឆ្នាំ​ រស់នៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពិតប្រាកដមែន។ វត្ថុតាង​ដកហូត​រួម​មាន​ ខ្សែភ្លើងចំនួន ៧.៥គីឡូក្រាម ។

នៅពេលនេះ​ សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល បានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យ០២នាក់ មកផែនជំនាញ ដើម្បីអនុវត្តបន្តតាម​នីតិវិធី-ច្បាប់៕