មណ្ឌលគិរី ៖ ផ្ទះមួយខ្នងបានក្លាយជាអគ្គិភ័យ ដោយសារកូនម្ចាស់ផ្ទះបានដាំបាយដោយប្រើ ចង្ក្រានហ្គាសហើយទុកចោលបណ្ដាលឲ្យផ្ទុះចង្ក្រានហ្គាសឆេះសាំងនៅក្បែរកន្លែងនោះ ១ កនកាលពីល្ងាច ថ្ងៃសុក្រ នៅវេលាម៉ោង១៧ និង២០នាទីល្ងាច នៅត្រង់ចំណុចភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចស្រុកពេជ្រាដាឱ្យដឹងថា ផ្ទះដែលរងអគ្គិភ័យខាងលើ មានទំហំប្រវែង៧ ម៉ែត្រ×៩ ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសីម្ចាស់ផ្ទះ ឈ្មោះ ឃុន សារិទ្ធ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិព្នង ប្រពន្ធ ឈ្មោះ គឹ ភីយូ ភេទស្រី អាយុ ២៣ ឆ្នាំជនជាតិព្នង ។
សមត្ថកិច្ចបន្តថា សម្ភារៈដែលខូចខាតរួមមាន៖ ១.ម៉ាស៊ីនកាត់ស្មៅចំនួន ០១ គ្រឿង, ២. គោយន្តកន្ត្រៃចំនួន ០១ គ្រឿង, ៣. គ្រែដេកចំនួន០៣ ,៤. សាំងចំនួន ០១ កាន , ៥. ស្រូវមួយជម្រុក, ៦. អង្ករចំនួន ០៨ បេ, ៧. សម្ភារៈប្រើប្រាស់ក្នុងផ្ទះ មួយចំនួន ។
សមត្ថកិច្ចស្រុកពេជ្រាដាបន្ថែមថា មូលហេតុបណ្តាលអោយមានករណីអគ្គិភ័យកើតឡើងគឺ បណ្តាលមកពីក្មេងដែលជាកូនម្ចាស់ផ្ទះខាងលើដាំបាយហើយទុកចោល ដោយប្រើចង្ក្រានហ្គាសទើបបណ្ដាលអោយផ្ទុះ ចង្ក្រានហ្គាសឆេះ សាំងចំនួន០១កាននៅក្បែរ កន្លែងនោះ បណ្តាលអោយមានករណីអគ្គីភ័យកើតឡើងតែម្តង ។
ក្រោយទទួលបានពីបានទទួលដំណឹងករណីអគ្គិភ័យខាងលើ កម្លាំងអធិការដ្ឋាននគរបាល ស្រុកពេជ្រាដា និង កម្លាំងប៉ុស្តិ៍ នគរបាលប៉ូស្រាបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១ គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន០២ ឡាន ទើបរលត់ទាំងស្រុង ៕