ករណីឆេះព្រះរាជដំណាក់សៀមរាប ស្នងការដ្ឋាននគរបាលខេត្តសៀមរាបប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៩គ្រឿង

ភ្នំពេញ៖ ករណីឆេះព្រះរាជដំណាក់សៀមរាប កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៩គ្រឿង ប្រើទឹក អស់ចំនួន ០៨ឡាន ។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលរាជធាជធានីភ្នំពេញនៅថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២៣។

របាយការណ៍នេះបន្ត រថយន្តពន្លត់អគ្គិភ័យចំនួន ០៩គ្រឿងនោះរួមមាន៖ ទី១- រថយន្តអាវុធហត្ថ ចំនួន០២គ្រឿង ទី២- រថយន្តភូមិវប្បធម៌ចាស់ចំនួន ០១គ្រឿង ទី៣- រថយន្តប៉ូលីសស្រុកពួកចំនួន ០១គ្រឿង ទី៤- រថយន្តប៉ូលីសស្រុកបាគងចំនួន ០១គ្រឿង ទី៥- រថយន្តអប្សរា ចំនួន ០១គ្រឿង ទី៦- រថយន្តស្នងការដ្ឋាននគរបាលខេត្ត និងសាលាក្រុងចំនួន ០៣គ្រឿង) ។

របាយការណ៍ដដែលបន្តថា ករណីខាងលើនេះ បានធ្វើឆេះខូចខាតដូចជា៖ ០១-ឆេះដំបូលប្រក់ក្បឿងមួយចំនួនធំ ០២-ឆេះទ្វារចេញចូលចំនួន ០៣ ច្រក ០៣-ឆេះបង្អួចចំនួន០២ និងឧបករណ៍ប្រើប្រាស់មួយចំនួនធំនៅខាងក្នុងព្រះរាជដំណាក់តូច និងមិនបណ្តាលឲ្យមានមនុស្សរងរបួសទេ ហើយមូលហេតុឆ្លងចរន្តអគ្គិសនី ។ រលត់ទៅវិញនៅវេលាម៉ោង ០១:០៥ នាទី នាថ្ងៃ ១៣ ខែមីនា ឆ្នាំ២០២៣ ។
ករណីនេះមជ្ឈមណ្ឌលប្រចាំបញ្ហាបានទទួលរបាយការណ៍ឆ្លើយតប ពីអធិការដ្ឋាន នគរបាលក្រុងសៀមរាបនៅវេលាម៉ោង ០៧:២៥ នាទី នាថ្ងៃ១៣ខែមីនា ឆ្នាំ២០២៣ ។

ករណីខាងលើនេះ មជ្ឈមណ្ឌលប្រចាំបញ្ហានៃអគ្គស្នងការនគរបាលជាតិ បានទទួលព័ត៌មានអំពពីប្រជាពលរដ្ឋរស់ នៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប រួចក៏បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហា នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីអន្តរាគមន៍បន្ទាន់៕