ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅចាប់ខ្លួនយកទៅសួរនាំនិងចាត់ការតាមច្បាប់នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៣ នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីធ្វើសកម្មភាពលួចបាន កាលពីរំលងអធ្រាត្រ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
របាយការណ៍សមត្ថកិច្ច ឱ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានទាំង៣នាក់ ៖ ទី១ ឈ្មោះ ឈិន ណុប ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី២ ឈ្មោះ វ៉ាន់ថា បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី៣ ឈ្មោះលី ទី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ចំណែកជនរងគ្រោះឈ្មោះ សូត្រ រតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាងKTV ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យលួចយក ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1O-3013 តែត្រូវបានជនសង្ស័យដោះចេញបាត់ហើយ ។
មុនកើតហេតុ ម៉ូតូវិលត្រឡប់មកពីធ្វើការងារវិញ ចតទុកចាក់សោ ត្រឹមត្រូវនៅខាងក្រោម ហើយឡើងទៅដេកបន្ទប់ជាន់លើ លុះដល់រំលងអធ្រាត្រចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៣ បានឃើញក្រុមជនសង្ស័យដើរឡើងទៅលើហើយចុះមកវិញបាត់ មិនបានចាប់អារម្មណ៍ រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ចុះមកមើល ស្រាប់តែបាត់ម៉ូតូ ដាក់កាសង្ស័យ ធ្លាប់ស្គាល់ស្រីស្នេហ៍របស់ក្រុមជនសង្ស័យផង លុះដល់ព្រឹកឡើងរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ រួចនាំកម្លាំងសមត្ថកិច្ច ចុះទៅតាមរកដល់បន្ទប់ជួល របស់ក្រុមជនសង្ស័យ ក្នុងភូមិជ្រៃកោង គ្រាន់តែរុញទ្វារបើក ស្រាប់តែប្រទះឃើញក្រុមជនសង្ស័យកំពុងដោះគ្រឿង ស្លាកលេខម៉ូតូចេញ ចាប់ខ្លួនបានតែម្តង រកឃើញសម្ភារៈមួយចំនួនទៀតផង។
ជនសង្ស័យទាំង៣នាក់ ក្រោយចាប់ខ្លួនបាន រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕