ស្នងការភ្នំពេញបំភ្លឺចំពោះការចោទថា “លោកប៉ូលីសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសម:កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សារ…”

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៦ ខែមីនានេះ បានចេញសេចក្តីបកស្រាយបំភ្លឺទាក់ទងនឹងអាខោនហ្វេសប៊ុកមួយឈ្មោះ Sok Vanna បានផុសថា “លោកប៉ូលីសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសម:(ផ្លូវរុស្សីបត់ក្រោមស្ពានមកប្រលានយន្តហោះ)កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សារ…” ជាការចុះផ្សាយព័ត៌មានមិនពិត បំភ្លើសចោទប្រកាន់មកលើសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី មានបុរសម្នាក់បានបើកបរម៉ូតូ (ម៉ាក់…. ពាក់ផ្លាកលេខ…អត់ចាំ ) ល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មានន័យថានៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម បុរសខាងលើនៅបន្តដំណើរទៅមុខ ដូច្នេះមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសពេទ្យលោកសង្ឈបានធ្វើការឃាត់ និងពិន័យតាមច្បាប់ នៅពេលនោះគាត់ក៏បានស្នើសុំសមត្ថកិច្ចសម្របសម្រួល តែសមត្ថកិច្ចមិនព្រមគឺត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដោយធ្វើការផាកពិន័យតាមឧបករណ៍ម៉ាស៊ីនសម្រាប់ការផាកពិន័យ និងដកពិន្ទុលើប័ណ្ណបើកបរ។

ជាមួយគ្នានេះ បុរសល្មើសខាងលើគាត់ជាអ្នកបើកបរល្មើសច្បាប់ ដោយបានបើកបរល្មើសភ្លើងក្រហម ត្រូវបានសមត្ថកិច្ចផាកពិន័យ បែរជាខឹងនិងសមត្ថកិច្ចមិនព្រមយោគយល់ ហើយចោទប្រកាន់សមត្ថកិច្ចថាជេរប្រមាទមើលងាយ គំរាមគំហែង ជាន់ករាស្ត្រ ស្របពេលប្រជាជនកំពុងតែក្រដោយសារវិបត្តិសេដ្ធកិច្ចពិភពលោក តាមពិតជាក់ស្តែងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសចូលរួមការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទូទៅ ប្រសិនបើមិនចង់ឲ្យសមត្ថកិច្ចធ្វេីការផាកពិន័យ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នោះសមត្ថកិច្ចមិនឃាត់យានយន្ត និងធ្វើការផាកពិន័យនោះទេ៕