កម្ពុជាដាក់ឱ្យប្រើប្រាស់លតាប័ត្ររថយន្តគំរូថ្មី

ភ្នំពេញ៖ កម្ពុជាប្រកាសជាផ្លូវការដាក់ឱ្យប្រើប្រាស់លតាប័ត្ររថយន្តគំរូថ្មី ដែលមានបំពាក់បច្ចេកវិទ្យា RFID ជាមួយនិងការប្រើប្រាស់ឧបករណ៍ RFID Reader របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះតទៅ ។

ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងកាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ ក្នុងពេលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចុះទៅការិយាល័យគយនិងរដ្ឋាករផែស្ងួត ហុង ឡេង ហួរ នៃសាខាគយនិងរដ្ឋាករផែស្ងួត។

លតាប័ត្ររថយន្តប្រភេទថ្មីដែលបំពាក់ដោយបច្ចេកវិទ្យា RFID នេះ នឹងផ្តល់នូវភាពងាយស្រួលដល់មន្រ្តីគយមានសមត្ថកិច្ចក្នុងការឃ្លាំមើល និងចុះត្រួតពិនិត្យអនុលោមភាពលើរថយន្តគ្រប់ប្រភេទដែលចរាចរតាមដងផ្លូវ ក៏ដូចជាស្ថិតក្នុងអាជីវកម្មដ្ឋាន ពីចម្ងាយ ដោយប្រើប្រាស់នូវឧបករណ៍ត្រួតពិនិត្យ (RFID Reader) ដើម្បីកំណត់បានថាជាលតាប័ត្រត្រឹមត្រូវ ឬក្លែងក្លាយ និងទទួលបានព័ត៌មានអំពីអត្តសញ្ញាណរថយន្តផងដែរ៕ ដោយ៖ ពុទ្ធិពល